ព័ត៌មានជាតិ

នាសប្តាហ៍ក្រោយនេះ ខេត្តកំពង់ចាម នឹងចាប់ផ្តើមផលិត អុកស៊ីសែន ដោយខ្លួនឯង

កំពង់ចាម ៖ លោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ ខេត្តកំពង់ចាម នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១នេះបានបញ្ជាក់ថា នៅសប្តាហ៍ក្រោយ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិត អុកស៊ីសែន ដោយខ្លួនឯងហើយ គឺលែងទៅទិញពីភ្នំពេញ ដែលជាមធ្យម ក្នុងមួយថ្ងៃប្រមាណ ៣០០ បំពង់នោះទៀតហើយ។

លោកវេជ្ជបណ្ឌិត យិន ស៊ីណាត ឲ្យដឹងទៀតថា មន្ទីរពេទ្យខេត្តកំពង់ចាម បានទទួលម៉ាស៊ីន សម្រាប់ផលិត អុកស៊ីសែន មួយគ្រឿង គឺជាជំនួយដ៏ថ្លៃថ្លា របស់លោក ហ៊ុន ម៉ាណែត និងលោកស្រីជាភរិយា និងបានដាក់ចូលក្នុង រោងផ្ទុកម៉ាស៊ីននេះ រួចហើយនៅព្រឹកថ្ងៃទី ២០ខែកញ្ញា ឆ្នាំ ២០២១នេះ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ក្រោមការត្រួតពិនិត្យ ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការីជាច្រើនរូបទៀត ។

លោកប្រធានមន្ទីរពេទ្យ បានបន្តថា ខណៈនេះ ខាងក្រុមជាងអគ្គិសនី កំពុងតបណ្តាញខ្សែអគ្គិសនី បំពាក់លើ ម៉ាស៊ីននេះ ដែលមានសមត្ថភាពផលិតខ្យល់ អុកស៊ីសែន បានក្នុងមួយម៉ោង ចំនួន ១០ បំពង់ ដែលអាចនឹងដាក់ ឱ្យដំណើរការផលិត នៅសប្តាហ៍ក្រោយនេះ ៕

To Top