ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាមបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨,៦៨១ ករណីដែលជាចំនួនប្រចាំថ្ងៃ ទាបបំផុតក្នុងរយៈពេល ជាងមួយខែនេះ។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះរួមមានការ ឆ្លងក្នុងស្រុកចំនួន ៨,៦៦៨ ករណី និងករណីនាំចូលចំនួន ១៣ករណី ដែលនាំឱ្យចំនួនសរុបរបស់ ប្រទេសនេះកើនឡើងដល់ ៦៩៥,៧៤៤ករណី ជាមួយនឹងការស្លាប់ចំនួន ១៧,៣០៥ នាក់។
ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញនៅតំបន់ ភាគខាងត្បូងរួមមាន ៥,១៧១ករណី នៅចំណុចកណ្តាលទីក្រុងហូជីមិញ ១,៤១០ករណី នៅខេត្តប៊ិញឌួងក្បែរនោះ និង ៨៦៩ករណី នៅខេត្តដុងណៃ។
រហូតមកដល់ពេលនេះអ្នកជំងឺចំនួន ៤៦៤,៣២៦ នាក់បានជាសះស្បើយកើនឡើង ៦,៨២១ នាក់ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជិត ៣៤,៦ លានដូស ត្រូវបានផ្តល់ជូនទូទាំងប្រទេស។
គួរបញ្ជាក់ថា បើយោងតាម ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃច័ន្ទម្សិលមិញនេះ វៀតណាម បានចុះបញ្ជីករណីឆ្លង ក្នុងស្រុកសរុបចំនួន ៦៩១,២៨៥ ករណី ចាប់តាំងពីការចាប់ផ្តើម នៃរលកនាចុងខែមេសា កន្លងទៅនេះ ៕
ដោយ ឈូក បូរ៉ា