ព័ត៌មានជាតិ

លោក លឹម គានហោ ចាត់តាំងតំណាង​ ចុះសំណេះសំណាល និងផ្តល់អំណោយ ដល់ទាហាន ជិត២ពាន់នាក់

ភ្នំពេញ ៖ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ បានចុះទៅសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាព របស់ក្រសួងធនធានទឹក និងឧតុនិយម ។

ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈតំណាងរបស់រដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ សួរសុខទុក្ខកងទ័ព និងប្តេជ្ញានៅតែបន្តការជួយ ឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ការពារកោះឆ្នេរ និងបណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាព ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណ ចំពោះកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ។

ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដែរ រដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់នាយ ទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ និងបណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក សរុបចំនួន ១.៩៥៥ នាក់ រួមមាន ៖
១- បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៣៩២ នាក់
២- កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១១៧ នាក់
៣- កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៨៦ នាក់
៤- កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៦០ នាក់ ៕

To Top