បរទេស៖ប្រធានាធិបតីនៃប្រទេសបេឡារុស លោក Alexander Lukashenko នៅថ្ងៃចន្ទនេះ បានព្រមានពីការឆ្លើយតបរួមគ្នាជាមួយរុស្ស៊ី ចំពោះសមយុទ្ធយោធាចូលរួមដោយកងទ័ព មកពីប្រទេសសមាជិកណាតូ នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Alexander Lukashenko តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកបានធ្វើការពិភាក្សាគ្នាជាច្រើនដង ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន ហើយវិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាណាតូ នៅអ៊ុយក្រែន បានឆ្លងបន្ទាត់ក្រហម សម្រាប់លោក ពូទីន។
នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីនៅវិមានប្រធានាធិបតី ក្នុងទីក្រុង Minsk លោកប្រធានាធិបតីបេឡារុសរូបនេះ បានថ្លែងយ៉ាងដូច្នេះថា “អ្នកឃើញទេ ពួកគេកំពុងតែបញ្ជូនទ័ពណាតូនៅទីនោះ ទៅអ៊ុយក្រែន ហើយក្រោមល្បិចកលនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ពួកគេពិតជាកំពុងតែបង្កើតមូលដ្ឋានទ័ព គឺវាច្បាស់ណាស់ថា យើងចាំបាច់ត្រូវតែមានប្រតិកម្មតបវិញ ចំពោះរឿងនេះ”។
គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងប្រទេសបេឡារុសនិងលោកខាងលិច បានធ្លាក់ចុះ ចាប់តំាងពីលោក Lukashenko បានធ្វើការបង្ក្រាបលើបាតុកម្មតវ៉ាដ៏ធំ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស់ កាលពីខែសីហា ឆ្នាំ២០២០ បង្កឲ្យមានទណ្ឌកម្មពីអាមេរិកនិងសហភាពអឺរ៉ុប ប៉ុន្តែទទួលបានការគាំទ្រពីទីក្រុងមូស្គូ៕ប្រែសម្រួល៖ប៉ាង កុង