ព័ត៌មានជាតិ

អ្នកលង់ទឹក នៅឆ្នេរជំទាវម៉ៅ ខេត្តព្រះសីហនុទាំង៥នាក់ ជាបងប្អូនបង្កើតនោះ ស្លាប់៤នាក់ និងរស់ម្នាក់

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃ៨ តុលា ថា ករណីលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៥ និង៥នាទីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ចំនួន៥នាក់នោះជាបងប្អូននឹងគ្នាបង្កើត ។ ក្រោយប្រតិបត្តិការជួយសង្រ្គោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោក គួច ចំរើន អភិបាលខេត្ត ត្រូវបានបិទបញ្ចប់ បន្ទាប់ពីជនរងគ្រោះចុងក្រោយ បានក្រុមជួយសង្រ្គោះ រកឃើញ នៅវេលាម៉ោង១ និង០០នាទី រំលងអាធ្រាត ចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ។ ជាលទ្ធផលគឺមានស្លាប់៤នាក់ និងម្នាក់ជួយទាន់ពេលវេលា។

ជនរងគ្រោះទាំង៥នាក់រួមមាន ៖ ១.ឈ្មោះ ឡេង ឌៀប ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ។
២.ឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សង្គ្រោះបាន) ។
៣.ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ។
៤.ឈ្មោះ ឡេង ដាវ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។
៥.ឈ្មោះឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។

តាមការបំភ្លឺ របស់ឈ្មោះ ឡេង យ៉ឹង ត្រូវជាឪពុក បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង៥នាក់ បានចុះលេងទឹកសមុទ្រ នៅកន្លែងកើតហេតុ ខណៈនោះ ឈ្មោះ ឡេង ដាវ បានលង់ទឹក បន្ទាប់មកបងប្អូនទាំង៤នាក់ ដែលកំពុងលេងទឹកជាមួយ បាននាំគ្នាទៅជួយ ទើបបណ្តាលឲ្យទឹក រលកបោកទាញយកទៅ តាមទឹកបាត់អស់ ក្នុងនោះឈ្មោះ ឡេង សុខជា ដែលបានពាក់ពោងរូបក្ងាន ត្រូវបានជួយសង្រ្គោះទាន់ពេល។

ចំណែកឯឈ្មោះ ឡេង ឌៀប ក៏ត្រូវបានជួយបានភ្លាមៗដែរ តែបានស្លាប់ក្រោយពីស្រង់យកមកលើគោក ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ក៏មានករណីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ចុះលេងទឹកសមុទ្រហើយ បានលង់ទឹក ក្នុងនោះត្រូវបានក្រុមឆ្មាំសមុទ្រ ជួយសង្រ្គោះទាន់ ពេលវេលា ។

រដ្ឋបាលខេត្តបានអំពាវនាវ ដល់ពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅតាមរមណីយដ្ឋាន នានានៅខេត្តព្រះសីហនុ ជាពិសេសនៅតាមតំបន់ឆ្នេរសមុទ្រ ត្រូវអនុវត្តតាមការណែនាំ និងវិធានការសុវត្ថិភាព របស់មន្ត្រីទេសចរណ៍ និងមន្ត្រីនគរបាលទេសចរណ៍ ដោយត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេសមិនត្រូវបណ្តោយកូនតូចៗចុះលេងទឹកជ្រៅ ឬក្នុងស្ថានភាពដែលមានរលកធំៗបោកបក់នោះទេ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ។

រដ្ឋបាលខេត្តបញ្ជាក់ថា នៅតាមរមណីយដ្ឋាននានា ជាពិសេសបណ្តោយឆ្នេរ គឺមានមន្ត្រីនគរបាលទេសចរណ៍ និងឆ្មាំសមុទ្រចុះល្បាត និងត្រៀមជួយសង្គ្រោះ ព្រមទាំងបានចុះអប់រំ ផ្សព្វផ្សាយ បិទស្លាកសញ្ញា និងណែនាំភ្ញៀវទេសចរ ដែលមកលេងកំសាន្តអំពីវិធានការសុវត្ថិភាព និងត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ៕

To Top