ព័ត៌មានជាតិ

វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ៖ លុះត្រាតែមេដឹកនាំប្រទេស G20 ប្តេជ្ញាចិត្តឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក ទើបអាចកាត់បន្ថយអត្រាស្លាប់ដោយ ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានថ្លែងថា លុះត្រាតែមេដឹកនាំប្រទេសអ្នកមាន ( G20 ) ប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក ទើបអាចបញ្ចប់ការាតត្បាតជំងឺកូវីដ១៩ កុំឲ្យមានការបំផ្លាញ ប្រព័ន្ធសុខភាពរបស់មនុស្ស និងសេដ្ឋកិច្ចទូទាំងពិភពលោក។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានថ្លែងបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំការធ្វើយុទ្ធនាការទទួចអំពាវនាវដល់បណ្តាប្រទេសអ្នកមាន នៅទូទាំងពិភពលោក( G20 ) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រីខណៈពេលបច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋបានច្រើននៅឡើយទេ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបន្តថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ទូទាំងប្រទេស រួមទាំងប្រទេសកម្ពុជា តាមរយៈយុទ្ធនាការ ទាមទារ ឲ្យមាន ការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជា នៅតែបន្តអំពាវនាវដល់បណ្តាប្រទេសអ្នកមាននៅទូទាំងពិភពលោក( G20 ) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រ ឱ្យទទួលបានវ៉ាក់សាំងចាក់វ៉ាក់សាំងគ្រប់គ្នា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា យុទ្ធនាការអំពាវនាវដល់បណ្តាប្រទេសអ្នកមាន នៅទូទាំងពិភពលោក( G20 ) បន្តផ្តល់វ៉ាក់សាំងនេះ ត្រូវបានអង្គការ AHF ទូទាំងពិភពលោក មានចំនួន៤២ ប្រទេស បានធ្វើឡើងដូចៗគ្នា ដើម្បីទាមទារឱ្យប្រទេសអ្នកមានត្រូវតែប្តេជ្ញាចិត្ត ចំពោះ សកម្មភាពពិតប្រាកដ នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីធានាថាគ្រប់ប្រទេសមិនថាទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ច យ៉ាងណានោះទេ គឺត្រូវត មានវ៉ាក់សាំងដើម្បីការពារប្រជាពលរដ្ឋនិងបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩នេះ៕

To Top