តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា ការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ គឺជាការប្តេជ្ញាចិត្តមួយ ដែលធ្វើឡើង ដោយសមភាគី របស់ទីក្រុង តេអេរ៉ង់ នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ហើយការបំពេញ កាតព្វកិច្ចត្រូវតែត្រូវបាន ពិភាក្សានៅក្នុងការចរចា នៅទីក្រុងវីយែន ។
លោក Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអង់គ្លេស Elizabeth Truss នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
យោងតាមរបាយការណ៍សង្ខេបផ្លូវការ ដែលចេញផ្សាយដោយក្រសួង ការបរទេសអ៊ីរ៉ង់ អ្នកការទូតបានពិភាក្សា អំពីបញ្ហាទ្វេភាគី បញ្ហាតំបន់ និងកិច្ចចរចានៅទីក្រុងវីយែន នាពេលខាងមុខ សំដៅដល់ការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ។
លោក Amir Abdollahian បានគូសបញ្ជាក់ពីទំនួលខុសត្រូវ របស់សហរដ្ឋអាមេរិក ក្នុងការនាំយកស្ថាន ភាពបច្ចុប្បន្ននៃកិច្ចព្រមព្រៀងនេះ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនជាឯកតោភាគីចេញ ពីវាក្រោមការដឹកនាំរបស់អតីត ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងបានដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់ ។
លោកបានបន្ថែមថា “ភាគីមួយចំនួន” ក្រៅពីទីក្រុង វ៉ាស៊ីនតោន ក៏បានរួមចំណែកដល់ស្ថានភាពបច្ចុប្បន្នដោយ “ភាពមិនទទួលខុសត្រូវ និងភាពស្ងៀមស្ងាត់ របស់ពួកគេ ចំពោះសកម្មភាព របស់ទីក្រុងវ៉ាស៊ីនតោន” ។
ដើម្បីបង្កើន ទំហំពាណិជ្ជកម្ម និងសម្របសម្រួលទំនាក់ទំនង ហិរញ្ញវត្ថុរវាងអ៊ីរ៉ង់ និងអង់គ្លេស លោក Amir Abdollahian បានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់ “តួនាទីសកម្មបន្ថែមទៀត” ដោយទីក្រុងឡុងដ៍ផងដែរ ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានរំលឹកថា ការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ គឺជាការប្តេជ្ញាចិត្តមួយ ដែលធ្វើឡើង ដោយសមភាគី របស់ទីក្រុងតេអេរ៉ង់ នៅក្នុង JCPOA ហើយការបំពេញកាតព្វកិច្ច នោះត្រូវតែត្រូវ បានពិភាក្សា នៅក្នុងការចរចា នៅទីក្រុងវីយែន ៕
ដោយ ឈូក បូរ៉ា