ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិកោះតៃវ៉ាន់ បញ្ចេញតួលេខទាហានអាមេរិកជាង ៦០០នាក់ បានមកកោះនេះ សម្រាប់ប្រតិបត្តិការហ្វឹកហ្វឺន ចាប់តាំងពីឆ្នាំ២០១៩

បរទេស៖ របាយការណ៍រយៈពេលពីរឆ្នាំ ដែលចេញផ្សាយដោយ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ ជាលើកដំបូង បានផ្តល់លេខច្បាស់លាស់ សម្រាប់ចំនួនទាហានអាមេរិក ដែលបានចូលមកកោះស្វយ័តមួយនេះ សម្រាប់ការហ្វឹកហ្វឺន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដំណឹងនេះបានបញ្ជាក់យ៉ាងច្បាស់ កាលពីខែមុនដែលថា កងកម្លាំងសហរដ្ឋអាមេរិកបាននៅទីនោះ (កោះតៃវ៉ាន់) អស់រយៈពេលជាងមួយឆ្នាំ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានរាយការណ៍នៅក្នុង របាយការណ៍ការពារជាតិឆ្នាំ 2021 របស់ខ្លួនថា ទាហានអាមេរិករាប់រយនាក់ បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ សម្រាប់កម្មវិធីហ្វឹកហ្វឺនជាង 100 ផ្សេងៗគ្នា ខណៈដែលចំនួនកងកម្លាំង តៃវ៉ាន់ស្ទើរតែស្មើគ្នា បានទៅសហរដ្ឋអាមេរិកដូចគ្នានេះ។

យោងតាមរបាយការណ៍រយៈពេលពីរឆ្នាំ ដែលបានមើលដោយ សារព័ត៌មាន South China Morning Post គឺទាហានអាមេរិក និងកោះតៃវ៉ាន់ ជិត 2 800 នាក់បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរចំនួន 384 នៅចន្លោះខែកញ្ញា ឆ្នាំ 2019 ដល់ខែសីហា ឆ្នាំ 2021 ដែលក្នុងនោះមានបុគ្គលិកយោធា កោះតៃវ៉ាន់ចំនួន 542 នាក់ ដែលបានមកសហរដ្ឋអាមេរិក សម្រាប់កម្មវិធី 175 ផ្សេងគ្នា និង ទាហានអាមេរិក ៦១៨នាក់ ដែលបានចូលរួមក្នុងកម្មវិធីចំនួន 107 នៅលើកោះតៃវ៉ាន់។

របាយការណ៍ក៏បានកត់សម្គាល់ ផងដែរនូវបុគ្គលិកចំនួន 1 639 នាក់មកពីយោធាទាំងពីរ បានចូលរួមក្នុងកម្មវិធីចំនួន 102 ផ្សេងទៀត ប៉ុន្តែមិនបានបញ្ជាក់ពីកន្លែង ដែលពួកគេបានធ្វើឡើងនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top