ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា ក៏ដូចជាប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ី បាននិងកំពុងខិតខំប្រែក្លាយខ្លួន ឲ្យទៅជាទីតាំងផលិតកម្ម និងធុរកិច្ច ហើយមានទីផ្សារនាំចេញកាន់តែធំ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានធ្វើការរាយការណ៍អំពីលទ្ធផលសង្ខេប នៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ថា ប្រទេសមកពី អាស៊ី-អឺរ៉ុប បានកត់សម្គាល់នូវតួនាទីនៃពហុភាគីនិយម ផ្សាភ្ជាប់នឹងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី-ពហុភាគី ដែលជាកត្តាគន្លឹះក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកំណើន។
លោក បានបញ្ជាក់ថា «កម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី បាននិងកំពុងខិតខំប្រែក្លាយខ្លួន ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីតំបន់អឺរ៉ុប»៕