ភ្នំពេញ ៖ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានឧត្ដមប្រឹក្សាព្រះមហាក្សត្រ នឹងដង្ហែរមក ដល់រាជធានីភ្នំពេញ វេលាម៉ោង១១ថ្ងៃត្រង់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើតាមហ្វេសប៊ុក ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ។
បន្ទាប់ពីការយាងមកដល់ហើយ ព្រះសពនឹងតម្កល់ធ្វេីបុណ្យថ្វាយតាមព្រះរាជបវេណី តាមគន្លងព្រះពុទ្ធសាសនា នៅក្នុងព្រះដំណាក់សម្តេច នាវិថីសម្តេចប៉ាន រាជធានីភ្នំពេញ(ព្រះដំណាក់ចាស់)។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ៕