ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោសបុរសចិន ២នាក់ ជាប់ទោស​ ក្នុងម្នាក់ៗ៨ឆ្នាំ ពាក់ព័ន្ធបទល្មើស ចាប់ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់ នៅក្រុងព្រះសីហនុ

ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស ទណ្ឌិតជនជាតិចិន ចំនួន២នាក់ ជាប់គុកក្នុងម្នាក់៨ឆ្នាំ ជាប់ចោទពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្រុមទី១១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើស ដែលមានចែង និងផ្តន្ទាទោសតាម មាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ។

យោងតាមការប្រកាសសាលដីកា​ របស់លោកចៅក្រម និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងអោយដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទចិន ទាំង២នាក់នេះ មានឈ្មោះ ទី១-ឈ្មោះ Wang Xue Ban ភេទ ប្រុស កើត ១៩៨៨ មុខរបរជាងភ្លើង។ ទី២ ឈ្មោះ Wang Long ភេទ ប្រុស កើត ១៩៩៥ មុខរបរ អ្នកដឹកអីវ៉ាន់។

ចំណែកឯ ជនរងគ្រោះ មានចំនួន៤នាក់ មានឈ្មោះ ទី១-Wang Xi Hour ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន។ ទី២-ឈ្មោះ Li Si Man ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន។ ទី៣-ឈ្មោះ Yan Ming ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន ។ និង ទី៤-ឈ្មោះ Feng Fong Fong ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន។

ទណ្ឌិតចិនទាំង២នាក់ខាងលើ ត្រូវបាន សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២០ សម្រេចផ្តន្ទាទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ៨ ឆ្នាំ ពីបទ: ចាប់ឃុំឃាំង និង បង្ខាំថមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស និង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្រុងព្រះសីហនុ៕ ដោយ: រស្មី អាកាស

To Top