រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានកាត់ទោសអ្នកជំនួញ ដ៏លេចធ្លោចំនួន៣នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដោយសារតែពួកគេបានធ្វើការតវ៉ា ប្រឆាំងនឹងរដ្ឋប្រហារកាលពីខែកុម្ភៈ ។
របបយោធាបានផ្ដួលរំលំ រដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបង្កឱ្យមានការតវ៉ា និងភាពចលាចល ដែលនៅតែកើតមានឡើង ។
ដើមដំបូងនៃបាតុកម្ម ក្រុមមនុស្សយ៉ាងច្រើន បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង និងទីប្រជុំជន ជាមួយនឹងតារាសម្តែង និងតារាចម្រៀងជាច្រើននាក់ ដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបញ្ចេញសំឡេងគាំទ្រ និងខ្លះនិយាយ នៅឯកន្លែងជួបជុំគ្នា ។
ក្នុងចំណោមអ្នកដែលចូលរួមនោះ មានតារាសម្ដែងល្បីឈ្មោះ Pyay Ti Oo និង Eaindra Kyaw Zin ដែលត្រូវបានចាប់ខ្លួន កាលពីខែមេសា ហើយត្រូវបានចោទប្រកាន់ តាមផ្នែកនៃក្រមព្រហ្មទណ្ឌ ដែលហាមប្រាម ការផ្សព្វផ្សាយ ពីការមិនយល់ស្រប ។
ទីភ្នាក់ងារព័ត៌មាន Mizzima និងសេវាភាសាភូមារបស់ BBC បានរាយការណ៍ថា តុលាការមួយនៅទីក្រុងរ៉ងហ្គូន បានកាត់ទោសពួកគេ ឱ្យជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ ជាមួយនឹងការបង្ខំ ឲ្យធ្វើការងារលំបាកថែមទៀតផង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា