កម្ពុជា បន្តប្តេជ្ញាទាមទារ ឱ្យប្រគល់ត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌ ដែលត្រូវបាននាំចេញពីកម្ពុជា ដោយខុសច្បាប់
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការទាមទារឱ្យប្រគល់ត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌ ដែលត្រូវបាននាំចេញពីទឹកដីកម្ពុជា ដោយខុសច្បាប់ ។
ការឱ្យដឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញនៅទីក្រុងឡុងដ៍ ដោយអង្គភាពសិល្បៈ និងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ (Metropolitan Police Service) ក្រោមការគាំទ្រពីក្រុមការងារប្រយុទ្ធប្រឆាំង បទល្មើសលើបេតិកភណ្ឌនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប(OSCE)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ បានបញ្ជាក់ថា បន្ទាប់ពីវត្ថុទាំងនេះត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ មន្ត្រីជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវលើវត្ថុទាំងនេះ និងប្រៀបធៀបជាមួយលទ្ធផលស្រាវជ្រាវ នៅទីតាំងជាក់ស្តែង កំណត់ត្រាទីតាំងបុរាណវិទ្យា និងសក្ខីកម្មផ្ទាល់ដែលមាន។

ការងារនេះនឹងរួមចំណែក ជួយឱ្យកាន់តែយល់ច្បាស់អំពីប្រវត្តិ និងប្រភពដើមរបស់វត្ថុទាំងនេះ ព្រមទាំងគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់កម្ពុជាក្នុងការកំណត់អត្តសញ្ញាណ និងស្វែងរកសម្បត្តិវប្បធម៌ដែលត្រូវបាននាំចេញពី ទឹកដីកម្ពុជាដោយខុសច្បាប់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះមន្ត្រីនៃអង្គភាពសិល្បៈ និងវត្ថុបុរាណ នៃនគរបាលទីក្រុងឡុងដ៍ ដឹកនាំដោយអង្គការ ដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ចំពោះកិច្ចខិតខំប្រឹងប្រែង និង និងក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌ ដែល ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់។
ក្រសួងក៏សូម ថ្លែងអំណរគុណចំពោះលោក Bradley J. Gordon និងលោកស្រី Melina Antoniadis ទីប្រឹក្សាផ្នែកច្បាប់ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះការខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយជ្រោមជ្រែងឱ្យមានការប្រគល់វត្ថុទាំងនេះត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។
ក្រសួង ថា «ការប្រគល់វត្ថុសិល្បៈទាំង១៨នេះត្រឡប់មកវិញ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតនៃកិច្ចខិតខំ ប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ដែលបានបាត់បង់ពី មាតុភូមិ។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការទាមទារឱ្យប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលត្រូវបាន នាំចេញពីទឹកដីកម្ពុជាដោយខុសច្បាប់ និងសូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ពីរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ សារមន្ទីរ អ្នកស្រាវជ្រាវ និងអ្នកប្រមូលវត្ថុសិល្បៈឯកជននានា»៕
