ព័ត៌មានអន្តរជាតិ

កក្រើកទីផ្សារគ្រីបតូ ៖ Binance រងការវាយប្រហារ តាមអ៊ីនធឺណិត ទំហំទឹកប្រាក់ ៦,៣ពាន់លានដុល្លារ

​បរទេស៖ រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) Binance កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ខ្លួនបានរងគ្រោះ ដោយការលួចចូលប្រព័ន្ធ (Hack) ដ៏ធំមួយ ដែលប៉ះពាល់ដល់ទឹកប្រាក់ប្រមាណ ៦,៣ ពាន់លានដុល្លារអាមេរិក (៥,៥ ពាន់លានអឺរ៉ូ) ក្នុងនោះប្រហែលពាក់កណ្តាលនៃចំនួននេះ ត្រូវបានបង្កកដើម្បីទប់ស្កាត់ការលួចយកទ្រង់ទ្រាយធំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

​ក្រុមហ៊ុនជួញដូរគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្តាញសង្គម X ដែលមានលក្ខណៈផ្ទុយគ្នាបន្តិចបន្តួច ដោយដំបូងបានអះអាងថា “មូលនិធិរបស់អ្នកប្រើប្រាស់មានសុវត្ថិភាពទាំងស្រុង” ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏បានបញ្ជាក់ថាខ្លួននឹង “រ៉ាប់រងរាល់ការខាតបង់ទាំងអស់”។

​ក្រោយមក គណនី X របស់ Binance ប្រចាំតំបន់អាមេរិកឡាទីន បានគូសបញ្ជាក់បន្ថែមថា៖ “ផលប៉ះពាល់សរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ៦,៣ ពាន់លានដុល្លារ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូប្លុកឆេន (Blockchain) ដើម្បីបង្កកទ្រព្យសកម្មដែលរងផលប៉ះពាល់ ដោយរហូតមកដល់ពេលនេះ ទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ ត្រូវបានបង្កកដោយជោគជ័យនៅលើប្រព័ន្ធ (On-chain)”។

​ទំហំនៃការវាយប្រហារនេះ មានចំនួនច្រើនជាង ៤ដង បើធៀបនឹងកំណត់ត្រានៃការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំបំផុតកាលពីខែកុម្ភៈ ឆ្នាំ២០២៥ លើផ្លាតហ្វម Bybit ដែលមានទំហំ ១,៥ ពាន់លានដុល្លារ។ ក្រុមហ៊ុនស៊ើបអង្កេតប្រព័ន្ធប្លុកឆេន TRM Labs បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយមាន “ទំនុកចិត្តខ្ពស់” ថា ការវាយប្រហារលើ Binance នេះ ត្រូវបានរៀបចំឡើងដោយក្រុមហកឃ័រ (Hackers) ឈ្មោះ TraderTraitor ដែលមានទំនាក់ទំនងនឹងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ ក្រុមនេះត្រូវបានគេជឿថាជាផ្នែកមួយនៃក្រុម Lazarus Group ដែលល្បីល្បាញកាលពីឆ្នាំ២០១៤ ក្នុងការលួចចូលប្រព័ន្ធក្រុមហ៊ុន Sony Pictures។

​ចំពោះវិធានការឆ្លើយតប កាលពីព្រឹកថ្ងៃសុក្រ Binance បានប្រកាសផ្អាកការដាក់និងដកប្រាក់ទាំងអស់ជាបណ្តោះអាសន្ន ដើម្បីឱ្យក្រុមការងារធ្វើការត្រួតពិនិត្យសុវត្ថិភាព បង្កកមូលនិធិបន្ថែម និងសហការជាមួយអាជ្ញាធរអនុវត្តច្បាប់។

​យោងតាមការស៊ើបអង្កេតបឋម ការវាយលុកនេះមានការពាក់ព័ន្ធនឹងកុំព្យូទ័រយួរដៃរបស់ “វិស្វករផ្នែក DevOps” ម្នាក់ ដែលត្រូវបានគេលួចជ្រៀតចូល ធ្វើឱ្យជនខិលខូចអាចចូលទៅកាន់ “Service container” និងធ្វើប្រតិបត្តិការដកប្រាក់ដោយគ្មានការអនុញ្ញាត។ ទោះជាយ៉ាងណា Binance បានសង្កត់ធ្ងន់ថា គ្មានភស្តុតាងណាមួយបង្ហាញពីការបែកធ្លាយកូនសោឯកជន (Private keys) ពីកាបូបលុយអេឡិចត្រូនិក (Wallets) នោះទេ។

​ជុំវិញព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបោះផ្សាយរូបិយប័ណ្ណគ្រីបតូ (Stablecoins) ធំៗ ក៏បានចូលរួមអន្តរាគមន៍ទប់ស្កាត់ផងដែរ។ លោក Paolo Ardoino នាយកប្រតិបត្តិក្រុមហ៊ុន Tether ដែលគ្រប់គ្រង USDT បានឱ្យដឹងថា ក្រុមហ៊ុនលោកបានបង្កកទឹកប្រាក់ប្រមាណ ១,៦ ពាន់លានដុល្លារ។ ចំណែកលោក Jeremy Allaire ប្រធានក្រុមហ៊ុន Circle ដែលបោះផ្សាយ USDC ក៏បានបញ្ជាក់ពីការបង្កកទឹកប្រាក់ជាង ៨០០ លានដុល្លារផងដែរ។

​ដំណឹងនៃការវាយប្រហារដ៏កក្រើកនេះ បានធ្វើឱ្យទីផ្សាររូបិយប័ណ្ណគ្រីបតូធ្លាក់ចុះភ្លាមៗ។ តម្លៃ Bitcoin និង Ethereum បានធ្លាក់ចុះជិត ៥% និង ៦% មុនពេលងើបឡើងវិញខ្លះមកនៅត្រឹមធ្លាក់ចុះ ០,៨%។ ចំណែកឯកាក់ BNB របស់ Binance ផ្ទាល់ បានធ្លាក់ចុះជិត ១០% មុនពេលស្ទុះងើបឡើងវិញ ២,៧% ក្រោយមានការចេញមុខធ្វើអន្តរាគមន៍។

ព្រឹត្តិការណ៍នេះ ក៏បានកើតឡើងស្របពេលដែលអ្នកសង្កេតការណ៍ជាច្រើនកំពុងសម្តែងការព្រួយបារម្ភថា សមត្ថភាពដែលកាន់តែរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) អាចនឹងគំរាមកំហែងដល់ប្រព័ន្ធគ្រីបតូក្រាហ្វី (Cryptography) និងពិធីសារសន្តិសុខបច្ចេកវិទ្យាព័ត៌មាន (IT Security) នាពេលអនាគត។

ប្រែសម្រួល៖ គីរី

To Top