ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជា ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើតជាប្រព័ន្ធតេឡេក្រាម (Telegarm) ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវនានា អាចថតអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ បញ្ជូនចូលក្នុងតេឡេក្រាមនេះ បានភ្លាមៗ ដើម្បីដោះស្រាយ ។
ក្នុងឱកាសអញ្ជើញ បើកការដ្ឋាន គម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅថ្ងៃទី៣ មករានេះ ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «មានបញ្ហាមួយ ខ្ញុំក៏គួរតែនិយាយដែរ រឿងច្បាប់ចរាចរណ៍…ខ្ញុំសុំថា ឯកឧត្ដម ស៊ុន ចាន់ថុល ទៅពិភាក្សាជាមួយ សម្ដេចក្រឡាហោម តើអាចធ្វើបានទេ ខាងផ្នែកចរាចរណ៍ផ្លូវគោក យើងអនុញ្ញាតឲ្យមានខាង នគរបាលរបស់យើង បង្កើតតេឡេក្រាម ដើម្បីឲ្យប្រជាពលរដ្ឋគាត់ជួយថត ហើយបញ្ជូនចូលតេឡេក្រាម ដែលយើងដាក់ប្រចាំការ» ។
សម្ដេចតេជោ បានលើកឡើងថា កាលពីថ្ងៃទី១ មករា នៅផ្លូវជាតិលេខ៤ ធ្វើដំណើរ ពីព្រះសីហនុ ទៅភ្នំពេញ មានការកកស្ទះយ៉ាងខ្លាំងបណ្ដាលមកពី រថយន្តប្រជ្រៀតចូលគន្លង ផ្ទុយទិសដៅចរាចរណ៍ រហូតដល់ទៅ ៦ជួរឯណោះ ។ សម្ដេចថា បើសិនជាប្រើប្រព័ន្ធតេឡេក្រាម អាចជួយឲ្យដឹង ពីអ្នកណាល្មើសច្បាប់ ដោយថតផ្លាកលេខរថយន្ត ហើយផ្ញើចូលតេឡេក្រាម របស់ក្រសួង អគ្គស្នងការ ឬស្នងការតាមបណ្ដាខេត្តនីមួយៗ ។
សម្ដេចតេជោបញ្ជាក់ថា «យើងត្រូវគួរខិតខំ បង្កើតជាប្រព័ន្ធតេឡេក្រាម នៃស្នងការដ្ឋាននគរបាលខេត្ត ឬក៏អគ្គស្នងការដ្ឋាននគរបាលជាតិ នៅពេលណាដែលប្រជាពលរដ្ឋឃើញថា មានបទល្មើសទាក់ទិន ជាមួយការធ្វើចរាចរ ហួសល្បឿន ឬជិះខុសរបៀប គេអាចថត និងថតទាំងលេខឡាន បាញ់ចូលទៅក្នុងតេឡេក្រាមរបស់យើង» ។
សម្ដេចបន្តថា ធ្វើយ៉ាងនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះកន្លងមកអ្នកបើកបរមួយចំនួន បើកបរគោរពច្បាប់តែកន្លែងមានប៉ូលីសប៉ុណ្ណោះ តែពេលផុតទៅ គឺបើកបរមិនគោរពច្បាប់នោះទេ ដូច្នេះមានតែអ្នកធ្វើដំណើរដែលគោរពច្បាប់ ថតលេខឡានបញ្ជូនចូលតេឡេក្រាមបានភ្លាមៗតែម្ដង ។ សម្ដេចថា ពេលមានលេខឡាន ក៏ដូចជាភស្តុតាងក្នុងដៃ មិនត្រូវចាប់ភ្លាមទេ ត្រូវហៅគេមកសួរសិន។
សម្ដេចក៏បានរំលឹកថា កាលពីឆ្នាំ២០០៩ ក្នុងពេលសម្ដេចទៅទស្សនកិច្ចផ្លូវការ នៅបារាំង បន្ទាប់មកសម្ដេចបានធ្វើដំណើរ ទៅប្រទេសអង់គ្លេស ដើម្បីទៅចូលរួមកម្មវិធី កូនទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច ដែលពេលនោះសម្ដេចធ្វើដំណើរ តាមរថយន្តឯកជនទៅវាយកូនហ្គោល ប៉ុន្តែខាងរដ្ឋាភិបាលបានបញ្ជូនរថយន្តមួយ១គ្រឿង មកតាមការពារពីក្រោយ តែដោយរថយន្តសម្ដេចជិះបើកហួសល្បឿន ទើបរថយន្តអ្នកការពារពីក្រោយជាអ្នកផាកតែម្ដង ។
ជាមួយគ្នានេះ សម្ដេចគូសបញ្ជាក់ថា កាលពីប៉ុន្មានខែមុនមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួនតិចជាងអ្នកស្លាប់ ដោយសារជំងឺកូវីដ ប៉ុន្តែឥឡូវ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ចាប់ផ្ដើមមានច្រើនជាងអ្នកស្លាប់ដោយកូវីដវិញម្ដង ៕