បរទេស៖ សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យប្រទេសស៊ូដង់ ឲ្យធ្វើការប្តេជ្ញាជាថ្មី ចំពោះការផ្លាស់ប្តូរ អន្តរកាលលទ្ធិប្រជាធិបតេយ្យ របស់ប្រទេស បើមិនដូច្នេះទេ នឹងប្រឈមមុខនឹង ការរងទណ្ឌកម្ម។
តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើងដោយទាំងសហភាពអឺរ៉ុប និងក្រុមប្រទេស Troika រួមមានប្រទេសន័រវេស អង់គ្លេសនិងសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍ បានបន្តធ្វើការថ្កោលទោសចំពោះអំពើហិង្សាដែលកំពុងតែប្រព្រឹត្តទៅ នៅក្នុងប្រទេសស៊ូដង់ ដែលធ្វើឡើងដោយយោធា ទីភ្នាក់ងារសន្តសុខ និងក្រុមប្រដាប់អាវុធដទៃទៀតរបស់ប្រទេសស៊ូដង់ ចាប់តាំងពីយោធាកាន់កាប់អំណាចមក។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ លោក Abdulla Hamdok បានប្រកាសថា លោកនឹងលាឈប់ពីតំណែង ត្រឹមតែរយៈពេល៦សប្ដាហ៍ បន្ទាប់ពីលោកវិលត្រឡប់ចូលមកកាន់តំណែងវិញ ក្នុងកិច្ចព្រមព្រៀងមួយជាមួយថ្នាក់ដឹកនាំរដ្ឋប្រហារយោធា៕
ប្រែសម្រួល៖ប៉ាង កុង