ព័ត៌មានជាតិ

លោក យឹម ស៊ីណន មិនទាន់សម្រេចជ្រើស យកបក្សមួយណា ជាគោលដៅ ខណៈនឹងវិលមករស់នៅកម្ពុជាវិញ នាថ្ងៃ១៥ មករា

ភ្នំពេញ ៖ អតីតប្រធានក្រុមយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានកំណត់យកថ្ងៃ១៥ មករា ខាងមុខនេះ វិលមករស់នៅលើទឹកដី កំណើតវិញហើយ ។ ចំពោះការវិលមកនេះ លោកមិនទាន់ជ្រើសយកគណបក្ស នយោបាយមួយណាជាគោលដៅ ក្នុងការចូលរួមប្រឡូកក្នុងឆាកនយោបាយឡើងវិញនោះទេ ក្រោយលាឈប់ធ្វើប្រធាន ក្រុមយុវជន របស់អតីតបក្សប្រឆាំង អស់រយៈពេលច្រើនឆ្នាំមកនេះ ។

លោក យឹម ស៊ីណន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១២ មករា ថា “ខ្ញុំនឹងត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃសុក្រទី១៥ចុងសប្តាហ៍នេះហើយ” ។

សម្រាប់សំណួរថា តើការវិលមកចូលស្រុកកំណើតវិញនេះ លោកនឹងចូលរួមក្នុងឆាកនយោបាយ ជាមួយគណបក្សនយោបាយណា? អាចទេថា លោកនឹងចូលរួមក្នុងជីវភាព នយោបាយជាមួយបក្សកាន់អំណាច ? លោកតបថា “ក្នុងស្ថានភាពនេះ ខ្ញុំចង់យកពេលវេលានៅជាមួយ គ្រួសារឲ្យបានច្រើនសិន រឿងបក្សនយោបាយខ្ញុំ នៅមិនទាន់បានគិត នៅឡើយទេ” ។

ការមិនទាន់ចូលប្រឡូក ក្នុងឆាកនយោបាយភ្លាមៗនេះ ដោយសារលោកអះអាងថា ស្ថានការណ៍នយោបាយ ក្នុងប្រទេសកំពុង ស្ថិតក្នុងជម្លោះ នៃការខ្វែងទស្សនៈគ្នា ហើយបង្កជាកម្តៅឆេះ រោលបែបនេះ ទើបមិនទាន់មានគោលដៅ ក្នុងការប្រឡូកក្នុងនយោបាយ នៅឡើយទេ ដោយលោកនឹងរង់ ចាំមើលស្ថានការណ៍ ធូរស្រាយបន្តិចសិន ។

ប៉ុន្តែទោះបីជាយ៉ាងណាលោកថា នៅតែបន្តធ្វើនយោបាយសម្រាប់បម្រើ ដល់ប្រយោជន៍ជាតិ និងប្រជាជន ព្រោះលោកនៅតែមានជំហ រួមផ្សំនឹងការស្រឡាញ់វិស័យនយោបាយ ។

លោកបញ្ជាក់បន្ថែមថា ការវិលត្រឡប់ទៅរស់នៅកម្ពុជាវិញនេះ អត់មានមូលហេតុអ្វីផ្សេង ក្រៅពីការ ចង់រស់នៅជុំក្រុមគ្រួសារ លើទឹកដីកំណើតនោះទេ ព្រោះលោកមិនដែលមានបំណង ចង់រស់នៅប្រទេសទី២ ឬទី៣ ក្រៅពីកម្ពុជាទេ ។

សូមបញ្ជាក់ថា កាលពីដើមខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ លោក យឹម ស៊ីណន បានឈប់ធ្វើជាប្រធានប្រតិបត្តិ នៃចលនាយុវជន អតីតបក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូង ដោយសារតែ ការចប់អាណត្តិ ក្រោយលោកបានកាន់ រយៈពេល១០ឆ្នាំ ចាប់តាំងពី២០១១-២០២១៕

To Top