ព័ត៌មានអន្តរជាតិ

វីរុសកូវីដ១៩ រាតត្បាត២ឆ្នាំមកនេះ ធ្វើឱ្យអ្នកមាន កាន់តែមាន រីឯអ្នកក្រ ក្ររហូតដល់ស្លាប់

បរទេស ៖ ជំងឺរាតត្បាត បានធ្វើឱ្យមហាសេដ្ឋីពិភពលោក កាន់តែមានទ្រព្យសម្បត្តិ ប៉ុន្តែវាបាននាំឱ្យមនុស្ស កាន់តែច្រើន រស់នៅក្នុងភាពក្រីក្រ, នេះបើយោងតាមអង្គការ សប្បុរសធម៌ Oxfam ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍របស់ Oxfam បានអះអាងថា ប្រាក់ចំណូលទាប សម្រាប់អ្នកក្រីក្របំផុត របស់ពិភពលោកបានរួមចំណែក ដល់ការស្លាប់ របស់មនុស្ស ២១ ០០០ នាក់ក្នុងមួយថ្ងៃ។

Oxfam បានបន្តទៀតថា ប៉ុន្តែបុរសមានបំផុតទាំង ១០ របស់ពិភពលោក បែរជាបានកើនឡើង ទ្រព្យសម្បត្តិច្រើនជាងទ្វេដង នៃទ្រព្យសម្បត្តិរួម របស់ពួកគេចាប់តាំងពីខែមីនា ឆ្នាំ២០២០ ។

ជាធម្មតា អង្គការ Oxfam ចេញផ្សាយរបាយការណ៍ស្តីពីវិសមភាពសកលនៅពេលចាប់ផ្តើមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ។ ព្រឹត្តិការណ៍នោះជាធម្មតាឃើញ មេដឹកនាំសាជីវកម្ម និងនយោបាយ តារាល្បីៗ អ្នកធ្វើយុទ្ធនាការ សេដ្ឋវិទូ និងអ្នកកាសែត រាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅរមណីយដ្ឋានជិះ ស្គីរបស់ប្រទេសស្វីសសម្រាប់ការពិភាក្សាជាក្រុម ជប់លៀងភេសជ្ជៈ និងការញ៉ាំអាហារពេលយប់។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំទីពីរដែលកំពុងដំណើរការ ការប្រជុំ (បានកំណត់ពេលសម្រាប់ សប្តាហ៍នេះ) នឹងធ្វើឡើងតាមអ៊ីនធឺណិត តែប៉ុណ្ណោះ បន្ទាប់ពីការលេចចេញនូវ វីរុសបំលែងថ្មី Omicron ដែលបានធ្វើឱ្យខូចផែនការដើម្បីត្រឡប់ទៅព្រឹត្តិការណ៍ ដោយផ្ទាល់មុខគ្នា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top