ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងពង្រឹង ទំនាក់ទំនង ជាមួយ រុស្ស៊ី ចំពេល គោលនយោបាយ ពង្រីករបស់ លោកខាងលិច

តេអេរ៉ង់ ៖ ដំណើរទស្សនកិច្ចប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានសរសើរ ទំនាក់ទំនងអ៊ីរ៉ង់-រុស្ស៊ី និងបានបង្ហាញ ពីការត្រៀមខ្លួន ក្នុងការជំរុញទំនាក់ទំនងរបស់ប្រទេសទាំងពីរ ខណៈដែលលោកខាងលិច បន្តជាមួយនឹងគោលនយោបាយ ពង្រីករបស់ខ្លួន។

លោក Raisi បានឲ្យដឹង នៅក្នុងសុន្ទរកថាទៅកាន់សម័យប្រជុំពេញអង្គ នៃរដ្ឋ Duma ដែលជាសភា ជាន់ទាបរបស់រុស្ស៊ីថា “ការពង្រឹងទំនាក់ទំនងអ៊ីរ៉ង់-រុស្ស៊ី ក្នុងទម្រង់ទ្វេភាគី និងពហុភាគី នឹងនាំទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃ ប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់” ។

លោកបានលើកឡើងថា ប្រទេសលោកខាងលិច នឹងបន្តអនុវត្តគោលនយោបាយពង្រីក និងធ្វើឱ្យ “ប្រទេសឯករាជ្យ” ចុះខ្សោយតាមរយៈទណ្ឌកម្មសេដ្ឋកិច្ច និងអស្ថិរភាពនៃស្ថានភាពផ្ទៃក្នុងរបស់ពួកគេ ។

លោក Raisi បានប្រាប់សមាជិកសភារុស្ស៊ីថា “អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង ណាតូ បានចូលរួមក្នុងការជ្រៀត ចូលទៅក្នុងលំហភូមិសាស្ត្រ នៃប្រទេសផ្សេងៗគ្នា ក្រោមលេស និងគម្របផ្សេងៗ” ។

លោក Raisi បានបន្ចថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយរុស្ស៊ី ដោយឈរលើមូលដ្ឋានរឹងមាំ ដើម្បីរួមគ្នាការពារផល ប្រយោជន៍ទ្វេភាគី និងទប់ស្កាត់ការជ្រៀតជ្រែក របស់កងកម្លាំងទី៣ នៅក្នុងកិច្ចការ នៃប្រទេសទាំងពីរ។

នៅក្នុងនោះដែរ យោងតាមការឲ្យដឹង ពីប្រាធនាធិបតីអ៊ីរ៉ង់ លោក Raisi បានឲ្យដឹងថា ប្រទេសទាំងពីរបានឈាន ដល់កិច្ចព្រមព្រៀងជាមូលដ្ឋាន ដែលនឹងនាំមកនូវការកើនឡើង នៃពាណិជ្ជកម្មទ្វេភាគី ៕

ដោយ ឈូក បូរ៉ា

To Top