ព័ត៌មានជាតិ

គម្រោង RIGHT-TO-WORK ទើបបិទគម្រោង​ របស់ខ្លួន ស្តីពីចំណាក ស្រុកសុវត្ថិភាព

ភ្នំពេញ ៖ គម្រោងRIGHT-TO-WORK ក្រោមជំនួយរបស់សហគមន៍អឹរ៉ុប ដោយសហការអនុវត្តដោយអង្គការ ជំនួយផ្លូវច្បាប់ ដល់កុមារ និងស្រ្តី (ជ. ច. ក. ស.) និងអង្គការវីវើល (WeWorld) នៅក្នុងខេត្តសៀមរាប និងកំពង់ចាម បានប្រកាសបិទសកម្មភាព លើកកម្ពស់ការ យល់ដឹង និង ការការពារសិទ្ធិការងារ ដល់ពលករចំណាកស្រុក ដែលមានជំនាញទាបរបស់ខ្លួន ។ ការប្រកាសបិទគម្រោង ជាផ្លូវការនេះ ដែលអនុវត្តតាំងពីឆ្នាំ២០១៩ ត្រូវបាន ប្រព្រឹត្តទៅ ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ នាសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

រដ្ឋលេខាធិការ ក្រសួងការងារ និងវិជ្ជាជីវៈ លោក ហ៊ូ វុឌ្ឍី ក្នុងឱកាសនោះ បានមានប្រសាសន៍ថា៖ «ក្រសួង បានបង្កើតនូវច្រកព័ត៌មាននានា ដើម្បីជួយឱ្យពលករ ដែលចង់ចំណាកស្រុក ទៅធ្វើការនៅប្រទេសដទៃចេះ ពិចារណា និងគិតគូរ មុននឹងសម្រេចចិត្តចេញទៅ។ គម្រោងRIGHT-TO-WORKនេះ បានរួមចំណែកក្នុង ការកាត់បន្ថយហានិភ័យ តាមរយៈការស្រាវជ្រាវ និងសិក្សាព័ត៌មានច្បាស់ការណ៍ពីគ្រប់ភាគីពាក់ព័ន្ធ មិនថា សហគម និងអង្គការដៃគូនានា»។

លោកបានសម្តែង នូវភាពសោមនស្សរបស់លោក និងបានកោតសរសើរទៅលើសកម្មភាព និង កិច្ចប្រឹងប្រែងរបស់អង្គការដៃគូទាំងពីរគឺ៖ អង្គការវីវើល និងអង្គការ ជ.ច.ក.ស.។ លោកក៏បានឆ្លើយតប ជាវិជ្ជមានភ្លាមៗដែរ ទៅដល់សំណូមពរ មួយចំនួនដែលបានលើកឡើងដោយតំណាងអ្នកផ្សព្វផ្សាយ សហគមន៍លោកស្រី សយ សាមន។ សំណូមទាំង១៥ចំណុច គឺបានដកស្រង់ចេញពីសិក្ខាសាលា ទាក់ទាញ មតិគាំទ្រ កាលពីថ្ងៃទី១៧ខែធ្នូ ឆ្នាំទៅនៅខេត្តសៀមរាប ។

លោក Andrea Cefis បានគូសបញ្ជាក់ថា៖«បេសកកម្មរបស់វីវើល នៅកម្ពុជា គឺជួយដល់ជនងាយរងគ្រោះ ក្នុងសង្គម អភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកចិ្ច ជាពិសេសសស្ត្រីនិងកុមារ ដើម្បីធានាថាគ្មាននរណាម្នាក់ ត្រូវទុកចោលនោះទេ។ ហេតុដូច្នេះហើយបានជា យើងលើកគម្រោងRIGHT-TO-WORK នេះឡើង ជាមួយ ជ.ច.ក.ស. ដើម្បីធានានូវការការពារសិទ្ធិដល់អ្នកចំណាកស្រុក ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក៏ដូចជា អនុវត្តសកម្មភាពរបស់យើង ឱ្យបានតាមពាក្យសម្តី។ ជាក់ស្តែង យើងបានដាក់ចេញនូវជាពិសេស យុទ្ធនាការ ផ្សព្វផ្សាយនា៨ខែចុងក្រោយនេះ តាមរយៈFacebook វិទ្យុ ជនមានឥទ្ធិពល ភាពយន្តឯកសារ ការបញ្ចាំងតាម ភូមិ ដោយសហការជាមួយ អង្គការភាពយន្តឈូករ័ត្ន»។

លោកមេធាវី មុំ សុខចារ បានបញ្ជាក់ថា៖ «យើងជឿថាគ្រប់គ្នាសុទ្ធតែមានជំនាញ គ្រាន់តែមានតិច ល្មម ឬ ច្រើន។ ដូច្នេះ តាមរយៈគម្រោងនេះ យើងចង់សាងបរិយាកាសអំណោយផលដល់ពលករទេសន្តប្រវេសន៍ របស់យើងដែលមានជំនាញទាប ក៏ដូចជាអនុវត្តនូវសុច្ចនករតាមគោលដៅទី៨ ក្នុងការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងខេត្តកំពង់ចាម និងសៀមរាប» ។

ក្នុងរយៈពេល១ថ្ងៃកន្លះ គឺថ្ងៃទី១៨ ១ថ្ងៃពេញ និង១៩ ១ព្រឹក សិក្ខាសាលាបានសម្រេច បាទសកម្មភាពដូចតទៅ៖
-ការបង្ហាញលទ្ធផលសិក្ខាសាលា ទាក់ទាញមតិលើកទី២ ដោយតំណាងអ្នកសម្រប សម្រួលសហគមន៍

  • ការប្រគល់ជូនឯកសារលទ្ធផល នៃសិក្ខាសាលាទាក់ ទាញមតិលើកទី២ជូន ឯកឧត្តម ហ៊ូ វុឌ្ឍី
  • ការចែករំលែកពីសកម្មភាព បញ្ហាប្រឈម សមិទ្ធិផល និង មេរៀនដែលរៀនបានពីគម្រោង
  • ការចែករំលែកភាពយន្តឯកសារដែលផលិតដោយអង្គការ ភាពយន្តឈូករ័ត្ន និងអ្នកស្ម័គ្រចិត្តយកព័ត៌មាន សហគមន៍
  • កិច្ចពិភាក្សា៖ ចំណាប់អារម្មណ៌លើគម្រោង និងការបន្តអនុវត្តសកម្មភាពរបស់គម្រោង
  • កិច្ចពិភាក្សា៖ និរន្តរភាពរបស់គម្រោងនៅក្នុងសហគមន៍
  • ការចែករំលែក និងកិច្ចពិភាក្សាតុមូលស្តីពីកិច្ចការពារ និងលើកកំពស់សិទ្ធិការងារ ពលករចំណាកស្រុក ដែលមានជំនាញទាប ក្នុងអំឡុងពេលកូវីឌ ១៩ និងក្រោយកូវីឌ ១៩
  • ការដាក់បញ្ចាំងខ្សែភាពយន្ត របស់ភាពយន្តឈូករ័ត្ន និងកិច្ចពិភាក្សាពីផែនការ ផ្សព្វផ្សាយសម្រាប់សហគមន៍៕
To Top