រ៉ូម៖ សភារបស់ប្រទេសអ៊ីតាលី ចាប់ផ្តើមបោះឆ្នោតនៅថ្ងៃច័ន្ទនេះ សម្រាប់ប្រមុខរដ្ឋថ្មីដោយមាន នាយករដ្ឋមន្ត្រីលោក Mario Draghi ក្នុងចំណោមបេក្ខជនលេចធ្លោបំផុត នៅក្នុងការប្រកួតប្រជែងបើកចំហ ដែលនឹងត្រូវបានត្រួតពិនិត្យយ៉ាង ដិតដល់ដោយទីផ្សារហិរញ្ញវត្ថុ។
មានការព្រួយបារម្ភក្នុងចំណោម អ្នកនយោបាយក្នុងប្រទេសអ៊ីតាលីថា លទ្ធផលនេះអាចបង្កឱ្យមានភាព មិនប្រាកដប្រជាផ្នែកនយោបាយថ្មី នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី៣ របស់តំបន់ចាយប្រាក់អឺរ៉ូ ដែលកំពុងប្រឈមនឹង ការកើតឡើងវិញនៃការឆ្លង និងការស្លាប់ដោយសារជំងឺកូវីដ-១៩។
នៅក្នុងដំណើរការមួយ ដែលអាចចំណាយពេលច្រើនថ្ងៃ សមាជិកសភា និងតំណាងតំបន់ជាង ១០០០នាក់ នឹងកោះប្រជុំនៅម៉ោង ២ រសៀល GMT (ម៉ោង ១០ យប់ ម៉ោងនៅប្រទេសសិង្ហបុរី) សម្រាប់ការបោះឆ្នោតជាសម្ងាត់ជុំទីមួយ ដើម្បីជំនួសប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella ដែលផុតអាណត្តិ។
អ្នកឈ្នះត្រូវការសំឡេងភាគច្រើន ២ភាគ ៣ នៅក្នុងជុំដំបូងណាមួយ ដោយមានសំឡេងភាគច្រើន ជាដាច់ខាត ដើម្បីគ្រប់គ្រាន់ សម្រាប់ជុំបន្ទាប់ពីនោះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។
លោក Draghi ដែលដឹកនាំការគ្រប់គ្រងការរួបរួមជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់បានការងារនេះ ដែលមានអាណត្តិ ៧ឆ្នាំ ប៉ុន្តែ មានការ ស្ទាក់ស្ទើរ ក្នុង ចំណោម គណបក្សមួយចំនួន ក្នុងការគាំទ្រលោកព្រោះ ខ្លាចការចាកចេញរបស់លោក អាចបង្កភាពចលាចល ផ្នែកនយោបាយ និងការបោះឆ្នោតមុនកាលកំណត់។
មេដឹកនាំសម្ព័ន្ធស្តាំនិយមលោក Matteo Salvini បានលើកឡើងថា “នៅក្នុងពេលដ៏លំបាកនេះ វានឹង មានគ្រោះថ្នាក់ក្នុងការដកលោក Draghi ចេញពីតំណែងនាយករដ្ឋមន្ត្រី” ដោយបានបន្លឺឡើងនូវការ កត់សម្គាល់ស្រដៀងគ្នា ដែលធ្វើឡើងដោយដៃ គូចម្រុះរបស់លោក គឺលោក Silvio Berlusconi ៕
ដោយ ឈូក បូរ៉ា