ភ្នំពេញ ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ការកើនឡើង នៃអ្នកប្រើប្រាស់អ៊ីនធឺណិត ប្រមាណជា ១២ លាននាក់ នៅកម្ពុជា។ យោងតាមគេហទំព័រ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយ លោក Alvin Tan អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី តាមប្រព័ន្ធវីដេអូ នាពេលថ្មីៗនេះ លោក សុខ សុភ័ក្ត្រ បានបញ្ជាក់ថា «វិស័យឌីជីថល នៅកម្ពុជា ពិសេសក្នុងបរិការណ៍កូវីដ-១៩ ក្នុងនោះរួមមាន ការកើនឡើង នៃអ្នកប្រើប្រាស់អ៊ីនធឺណិត ដល់ប្រមាណ១២លាននាក់ នៅកម្ពុជា ហើយសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ប្រមាណ២/៣ នៅកម្ពុជា បាននិងកំពុងអនុវត្ត សកម្មភាពឌីជីថល ក្នុងប្រតិបត្តិការរបស់គេ»។
លោកសង្កត់ធ្ងន់ថា ស្របនឹងកំណើនដ៏គួរឲ្យកត់សម្គាល់នេះ រាជរដ្ឋាភិបាល បានបង្កើតជាបទប្បញ្ញត្តិ និង យន្តការជាច្រើន សំដៅធានាការពារ និងលើកកម្ពស់និរន្តរភាពនៃសេដ្ឋកិច្ច និងសង្គមឌីជីថល រួមមាន ៖ ការដាក់ឲ្យប្រើប្រាស់ច្បាប់ ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការទូទាត់ ដែលមានកិច្ចធានា ច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ច ឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ជាដើម។
លោករដ្ឋលេខាធិការបន្តថា កម្ពុជាក៏គាំទ្រ ការអនុវត្តនូវគំនិតផ្តួច ផ្តើមក្របខណ្ឌតំបន់ពាក់ព័ន្ធ នឹងវិស័យឌីជីថល រួមមាន៖ ផែនការមេស្តីពីឌីជីថល ក្នុងអាស៊ានឆ្នាំ២០២៥ , ផែនការសកម្មភាព សម្រាប់អនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក, ផែនទីបង្ហាញផ្លូវបង់ដា សេរីបេហ្កាវ៉ាន់ ដែលទើបតែត្រូវបាន អនុម័តកាលពីឆ្នាំ២០២១ ផងដែរ។
ទោះជាយ៉ាងណា លោកបានរំលេច ពីបញ្ហាប្រឈម មួយចំនួន ដែលកម្ពុជាជួបប្រទះ ពិសេសកង្វះខាត នៃប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តសម្រាប់គាំទ្រ សេដ្ឋកិច្ចឌីជីថល កង្វះខាតធនធានមនុស្ស និងភាព នៅមានកម្រិតនៃបទប្បញ្ញត្តិចាំបាច់ ដែលត្រូវការការគាំទ្រ ពីដៃគូនានា រួមមានពីសឹង្ហបុរីផងដែរ។
ជាការឆ្លើយ តប លោក Alvin Tan បានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របខ្លួនអនុវត្តសកម្មភាពឌីជីថល បានយ៉ាងច្រើន និងឆាប់ រហ័សធៀប នឹងប្រទេសក្នុងតំបន់ ។ លោកស្នើកម្ពុជាពិចារណាគាំទ្រ ការសិក្សារួមគ្នា ស្តីពីការធ្វើអត្តសញ្ញាណ ធុរកិច្ចរួមមួយ សម្រាប់តំបន់អាស៊ាន ដើម្បីធានាសង្គតិភាព នៃការស្តុកទុកព័ត៌មាន ធុរកិច្ចក្នុងតំបន់នេះ និងគាំទ្រអន្តរប្រតិបត្តិការ (Interoperability) នៃការធ្វើធុរកិច្ចបែបឌីជីថល ក្នុងតំបន់ផងដែរ ។
លោក ក៏បានគាំទ្រសំណើរបស់កម្ពុជា ក្នុងការបន្តបញ្ជូន អ្នកជំនាញការសិង្ហបុរី មកផ្តល់ជាជំនាញបច្ចេកទេស ផ្នែកឌីជីថលដល់ SMEs និងក្រុមការងារ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោក បានស្នើឲ្យភាគីកម្ពុជាជួយបន្ថែមការ ផ្សព្វផ្សាយពីអត្ថប្រយោជន៍នានា ក្រោមច្បាប់ វិនិយោគថ្មី របស់កម្ពុជា ដល់វិនិយោគិន និងធុរជនសឹង្ហបុរីនៅកម្ពុជាផងដែរ ៕