បរទេស ៖ ប្រទេសដាណឺម៉ាក បាននិយាយ នៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុប ត្រៀមខ្លួនដាក់ទណ្ឌកម្មសេដ្ឋកិច្ច មិនធ្លាប់ឃើញពីមុន លើប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះ ធ្វើការវាយប្រហារលើ ប្រទេស អ៊ុយក្រែន ហើយក្រុមរដ្ឋមន្ត្រី ការបរទេសសហភាព អឺរ៉ុបបាននិយាយថា ពួកគេនឹងបញ្ជូនការ ព្រមានរួមគ្នាឲ្យទៅទីក្រុងមូស្គូ ។
ភាពតានតឹងរវាងលោកខាងកើត និងលោកខាងលិច បានកើនកម្តៅខ្លាំងឡើង ចាប់តាំង ពីប្រទេសរុស្ស៊ី បានធ្វើការប្រមូល ផ្តុំកងទ័ពខ្លួន នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន ដោយបណ្ដាប្រទេសលោកខាងលិចមានការភ័យខ្លាចថា ទីក្រុងមូស្គូកំពុងតែត្រៀមរៀប ចំធ្វើការឈ្លានពានអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីបដិសេធថា ខ្លួនមានផែនការបែបនោះទេ ។
រដ្ឋមន្ត្រីការបរទេស នៃ ប្រទេសលីទុយអានី លោក Gabrielius Landsbergis បានមានប្រសាសន៍ ក្នុងខណៈក្រុម រដ្ឋមន្ត្រីជួបជុំគ្នា សម្រាប់កិច្ច ពិភាក្សាតាមប្រក្រតី នៅក្នុងទីក្រុងព្រួចសែលថា “ដោយដឹងពីកល់ល្បិច របស់រុស្ស៊ី ខ្ញុំប្រាកដចិត្តថា មួយក្នុងចំណោមគោលបំណង របស់ពួកគេ គឺដើម្បីបំបែកលោកខាងលិច ហើយនេះគឺជាជ័យជំនះមួយ ដែលយើងមិនអាចផ្តល់ ឲ្យដល់រុស្ស៊ីបាននោះទេ” ។
ចំណែករដ្ឋមន្ត្រីការបរទេស របស់ប្រទេសដាណឺម៉ាក លោក បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “គ្មានមន្ទិលសង្ស័យនោះទេ ដែលយើងត្រៀមខ្លួនដើម្បីមានប្រតិកម្ម ជាមួយទណ្ឌកម្មដ៏ធំមិនធ្លាប់បានឃើញពីមុន ប្រសិនបើរុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនជាថ្មីម្តងទៀតនោះ”៕
ប្រែសម្រួល៖ប៉ាង កុង