ភ្នំពេញ ៖ ដូចតាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បាននិងកំពុងជួបសន្ទនា តាមប្រព័ន្ធអនឡាញជាមួយ លោក មីន អោងឡាំង ជាថ្មីទៀត ក្រោយពីទស្សនកិច្ច នៅមីយ៉ាន់ម៉ា កាលពីថ្ងៃ៧-៨ មករាកន្លងមកនេះ ។
ក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេចបានបញ្ជាក់ពីការប្តេជ្ញាចិត្ត នឹងខិតខំធ្វើការងារ ជាមួយរដ្ឋាភិបាល មីយ៉ាន់ម៉ា ជាបន្តបន្ទាប់ទៀត ដើម្បីមានដំណោះស្រាយ ខណៈស្ថានការណ៍នយោបាយ នៅមីយ៉ាន់ម៉ា មិនទាន់ធូស្រាល ហើយក៏បានក្លាយជាប្រធានបទ សម្រាប់បណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀត ក្នុងការជជែកគ្នាឈាន ទៅរកការផ្សះផ្សារជាតិ ។
សម្តេចថា ការជួបនេះ ក្រោយពីសម្តេចបានទៅទស្សនកិច្ច របស់សម្ដេចទៅ មីយ៉ាម៉ាហើយនោះ ស្រាប់តែមានការកាត់ទោស លោកស្រី អោង សានស៊ូជី រយៈពេល៤ឆ្នាំទៀត និងការប្រើប្រាស់យន្ត ហោះក្នុងប្រតិបត្តិការយោធា។
សម្ដេចតេជោបានមានប្រសាសន៍ថា ពេលនេះស្ថានភាពនៅមីយ៉ាន់ម៉ា មានលក្ខណៈស្មុគស្មាញមែនទែន ដោយសារមានរដ្ឋាភិបាល ដល់ទៅពីរឯណោះ រួមទាំងរដ្ឋាភិបាល ស្រមោលផងដែរ។ ក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានអំពាវនាវឲ្យមាន ការដោះលែងអ្នកទោស នយោបាយទាំងអស់ នៅប្រទេសមីយ៉ាន់ម៉ា រួមទាំង លោកស្រី អោង សានស៊ូជី ផងដែរ ៕