ព័ត៌មានអន្តរជាតិ

រុស្ស៊ីបន្ថែមឈ្មោះមេដឹកនាំ ប្រឆាំង លោក Alexei Navalny ចូលក្នុងបញ្ជីឈ្មោះភេរវករ 

បរទេស៖ ប្រទេសរុស្ស៊ី បានបន្ថែមឈ្មោះមេដឹកនាំប្រឆាំង លោក Alexei Navalny និងជំនួយការកំពូលរបស់លោកជាច្រើននាក់ ចូលក្នុងបញ្ជីឈ្មោះភេរវករនិងជនជ្រុលនិយម កាលពីថ្ងៃអង្គារម្សិលមិញនេះ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ទីភ្នាក់ងារឃ្លាំមើលហិរញ្ញវត្ថុសហព័ន្ធ បានធ្វើការកែប្រែលើបញ្ជីឈ្មោះនោះ បន្ថែមលោក Navalny ចូល នៅក្នុងចំណោមបុគ្គលដទៃផ្សេងទៀត ដែលប្រទេសរុស្ស៊ីជឿថា មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពដែលគាំទ្រដល់អង្គការភេរវករ ឬក៏អង្គការជ្រុលនិយម។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោក គឺត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំមិញ នៅក្នុងទីក្រុងមូស្គូ ក្នុងខណៈធ្វើដំណើរវិលត្រឡប់ពីប្រទេសអាល្លឺម៉ង ជាទីដែលលោកសម្រាប់ព្យាបាល សម្រាប់ការវាយប្រហារដោយការបំពុលថ្នាំ។

លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ពីបទបំពានលក្ខខណ្ឌនៃការដោះលែង ក្នុងខណៈអ្នកផ្សេងទៀតក្នុងក្រុមរបស់លោក បានប្រឈមមុខនឹងការចោទប្រកាន់បទព្រហ្មទណ្ឌ ហើយជំនួយការជាន់ខ្ពស់របស់លោកជាច្រើន បានភៀសខ្លួនចេញពីប្រទេស និងរស់នៅដោយនិរទេសខ្លួន៕ប្រែសម្រួល៖ប៉ាង កុង

To Top