ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានសំណូមពរធុរជន និង អ្នកទេសចរណ៍របស់រុស្ស៊ី មកធ្វើទស្សនកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ក្នុងនោះ វិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោកអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ នាថ្ងៃទី២៦ មករា លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីកំណើន សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទស្សវត្ស ចុងក្រោយនេះ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការចរចាបើកច្រកទីផ្សារថ្មីៗ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ក៏ដូចជា កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីទ្វេភាគី ដែលកម្ពុជាសម្រេច បាននាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ជាដើម។
លោកបន្ដថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំង ជូនប្រជាជនទូទាំងប្រទេស បានប្រមាណ ៩០ភាគរយ ដែលជាកត្តាជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមដំណើរការ សកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងបើកប្រទេសឡើងវិញ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ សំដៅស្តារសកម្មភាព សេដ្ឋកិច្ចទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩។
លោកបញ្ជាក់ថា «សំណូមពរឲ្យធុរជន និងអ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី មកធ្វើទស្សនកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ដូចជា វិស័យផលិតយានយន្តកសិកម្ម វិស័យផលិត និងកែច្នៃម្ហូបអាហារ វិស័យដឹកជញ្ជូននិងភស្តុភារ វិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងវិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើម»។
ជាការឆ្លើយតប លោកអនុរដ្ឋមន្រ្តីរុស្ស៊ី បានទទួល យកសំណើររបស់ លោកមរដ្ឋមន្រ្តីកម្ពុជា ដោយសន្យាថា នឹងពាំនាំយកសំណើ របស់កម្ពុជាទៅផ្សព្វផ្សាយ ជូនធុរជន អ្នកទេសចរណ៍របស់រុស្ស៊ី ដើម្បីមកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
លោកអនុរដ្ឋមន្រ្តីបន្ថែមថា រុស្ស៊ី នឹងបន្តធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន ដោយស្នើឲ្យវិស័យពាក់ព័ន្ធនានា ដូចជាវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស័យផលិតយានយន្តកសិកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវិស័យអប់រំ ជាដើម ធ្វើទំនាក់ទំនង ដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕