កម្សាន្ត

Beijing 2022, ទីក្រុងប៉េកាំង បានត្រៀមខ្លួនរួចហើយ !

សល់ពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡារដូវរងា លំដាប់ពិភពលោក គឺការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើកយ៉ាងឱឡារិក នៅទីក្រុងប៉េកាំង ដែលជាទីក្រុងមួយ មានភាពស៊ីចង្វាក់គ្នា ទាំងរចនាបថបុរាណ និងទាន់សម័យរបស់ប្រទេសចិន និងជាទីក្រុងតែមួយគត់ លើពិភពលោកយើងនាពេលបច្ចុប្បន្ន ដែលបានធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ និងរដូវរងា ។

ពិតមែនតែប្រទេសចិន ជាប្រទេសធំខាងវិស័យកីឡាក្តី ប៉ុន្តែកីឡារដូវរងាមិនមែន ជាប្រភេទកីឡាប្រពៃណីរបស់ចិននោះទេ ព្រោះដោយសារតំបន់ជាច្រើន នៅភាគខាងត្បូងរបស់ប្រទេសចិន ពុំមានអាកាសធាតុធ្លាក់ព្រិលឡើយ ដូច្នេះប្រជាពលរដ្ឋមិនសូវពេញនិយម ក្នុងការលេងកីឡារដូវរងា ឬកីឡាព្រិលទឹកកកនោះទេ ឯកីឡាករដែលជំនាញខ្លាំង ខាងវិញ្ញាសាកីឡាព្រិលទឹកកក ក៏មិនសូវមានច្រើន ដូចកីឡារដូវក្តៅនោះដែរ ។

អាស្រ័យហេតុនេះ ពេលស្នើសុំរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង នូវទិសដៅមួយ ឬក៏អាចនិយាយបានថា ជាកិច្ចសន្យាមួយរបស់ប្រទេសចិន ពោលគឺឆ្លងតាមរយៈការរៀបចំ ព្រឹត្តិការណ៍អូឡាំពិករដូវរងា ប្រទេសចិននឹងជំរុញ និងលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិន ៣ រយលាននាក់ ចូលរួមលេងកីឡាព្រិលទឹកកក ។

ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៥ បន្ទាប់ពីលោក Thomas Bach ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ បានប្រកាសថាទីក្រុងប៉េកាំង ជាប់ឆ្នោតជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី ២៤ ឆ្នាំ ២០២២ គេសង្កេតឃើញថា នៅទូទាំងប្រទេសចិន ជាពិសេសគឺក្រុងប៉េកាំង និងក្រុងចាងជាខូវ ដែលសហការរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា បានឈានចូលដំណាក់ កាលត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតយ៉ាងដុតដៃដុតជើង ដោយឈរលើមូលដ្ឋាន នៃទស្សនៈរៀបចំការប្រកួតបែប«បៃតង , ចែករំលែក , បើកទូលាយ , ស្អាតស្អំ» ។

ស្របតាមពាក្យស្លោក«ឆ្ពោះទៅអនាគតជាមួយគ្នា» ប្រទេសចិនបានត្រៀមរៀបចំការ ប្រកួតដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍អន្តរជាតិ ។ បច្ចុប្បន្ន ពិតមែនតែពិភពលោក នៅតែស្ថិតក្រោមស្រមោលខ្មៅ នៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែប្រទេសចិនបានសម្រេច នូវទិសដៅរបស់ខ្លួន ពោលគឺក្នុងរយៈពេលជាង ៦ ឆ្នាំនៃការត្រៀមរៀបចំការប្រកួត មានប្រជាជនចិនជាង ៣ រយលាននាក់ បានចូលរួមលេងកីឡាព្រិលទឹកកក ។ ចំណែកឯការងារគ្រប់ផ្នែក បានដំណើរការយ៉ាងរលូន គ្រប់កីឡដ្ឋានស្តង់ដា លំដាប់អន្តរជាតិទាំងអស់ បានត្រៀមខ្លួនរួចស្រេច និងកំពុងទន្ទឹងរង់ចាំវត្តមាន របស់គណៈប្រតិភូកីឡានិងទស្សនិកជន ដើម្បីរួមគ្នាសម្រេចក្តីសុបិនអូឡាំពិក នៅលើទឹកដីដ៏បុរមបុរាណនេះ ។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺគ្រប់កីឡដ្ឋានសម្រាប់រៀបចំ ការប្រកួតលើកនេះ សុទ្ធតែប្រើប្រាស់ អគ្គិសនីដើរដោយថាមពលខ្យល់ ដែលជាថាមពលបៃតង១០០% នេះជាកំណត់ត្រាថ្មីមួយ ក្នុងប្រវត្តិសាស្ត្រនៃកីឡាអូឡាំពិក ។ ម៉្យាងវិញទៀត បរិក្ខារជាច្រើនសម្រាប់រៀបចំ ការប្រកួតក្នុងកីឡដ្ឋានទាំងអស់ នឹងត្រូវរក្សាទុកជាអចិន្ត្រៃយ៍ សម្រាប់ការហ្វឹកហាត់របស់កីឡាករ និងជារមណីយដ្ឋានសម្រាប់មហាជន ទៅលេងកម្សាន្តកីឡាព្រិលទឹកកក នេះក៏ជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្រ កីឡាអូឡាំពិករដូវរងាផងដែរ ។

ពិតមែនតែក្នុងដំណើរត្រៀមរៀបចំព្រឹត្តិការណ៍ អូឡាំពិករបស់ប្រទេសចិន ត្រូវបានអ្នកនយោបាយមួយចំនួន របស់បស្ចិមប្រទេសធ្វើពហិការ ខាងការទូតឬរកលេសគ្រប់បែបយ៉ាង ក្នុងចេតនាបង្កការរំខានក្តី ប៉ុន្តែសំឡេងសច្ចធម៌ដ៏ច្រើនលើសលប់ ដែលប្រឆាំងនឹងការធ្វើនយោបាយ ធូបនីយកម្មកីឡា និងគាំទ្រការគាំពារភាពបរិសុទ្ធ នៃកីឡានិងស្មារតីអូឡាំពិក បានបន្លឺឡើងពាសពេញពិភពលោក ។

ជាក់ស្តែង ថ្នាក់ដឹកនាំ និងប្រធានគណៈកម្មាធិការអូឡាំពិក នៃប្រទេសជាច្រើនសុទ្ធតែបានរំពឹងទុកថា ស្មារតីអូឡាំពិកនឹងជួយជំរុញប្រជាជន នៃប្រទេសនានាឱ្យកាន់តែមាន សាមគ្គីភាពតាមរយៈការចូលរួម ជាមួយកីឡាអូឡាំពិក ស្របតាមបាវចនាថ្មី នៃកីឡាអូឡាំពិកគឺ «កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង—កាន់តែសាមគ្គី» ។ ជាពិសេស ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់នឹងយាងចូលរួមពិធីសម្ពោធ បើកការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ដើម្បីបង្ហាញពីការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះមហាមិត្តចិន ដែលជាមិត្តដែកថែប និងស្មារតីអូឡាំពិក ។

ដោយឡែក ក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន កាលពីប៉ុន្មានថ្ងៃមុន លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានលើកឡើងថា ការងារតៀមគ្រប់ផ្នែក សម្រាប់ព្រឹត្តិការណ៍ អូឡាំពិករដូវរងាឆ្នាំ ២០២២ បានដំណើរការយ៉ាងរលូន វិធានការបង្ការជំងឺឆ្លង មានប្រសិទ្ធភាពខ្ពស់ ទស្សនៈរៀបចំការប្រកួតតាមបែបនិរន្តរភាព គួរឱ្យកោតស្ញប់ស្ញែង ។ លោកក៏បានសម្តែងការកោតសរសើរខ្ពស់ ចំពោះប្រសិទ្ធភាពការងារ ការតាំងចិត្តនិងភាពក្លៀវក្លារបស់ប្រទេសចិន ក្នុងនាមជាម្ចាស់ផ្ទះលើកនេះផងដែរ ។

ការប្រកួតកីឡាអូឡាំពិក រដូវក្តៅក្រុងប៉េកាំងឆ្នាំ ២០០៨ បានបិទបញ្ចប់ដោយបន្សល់ទុក នូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ ចំពោះប្រជាជនចិន និងប្រជាជនលើពិភពលោក រហូតមកទល់បច្ចុប្បន្ន ។ ជឿជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវរងា ក៏នឹងនាំមកនូវទស្សនីយភាព ដ៏ប្លែកអស្ចារ្យជូនពិភពលោកផងដែរ ។ យ៉ាងណាមិញ មិនថាជាម្ចាស់ផ្ទះ ឬក៏ជាអ្នកចូលរួម ព្រឹត្តិការណ៍អូឡាំពិកនោះទេ គោលដៅចម្បងមិនមែនស្ថិតត្រង់ តែការល្បងសមត្ថភាពគ្នា យកចាញ់ឈ្នះនោះទេ ពោលគឺការលើកស្ទួយស្មារតីអូឡាំពិក និងការទទួលបាននូវការបំផុសគំនិត ពីស្មារតីអូឡាំពិកទើបជារឿង ដែលកាន់តែមានន័យ ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា «បើធៀបទៅនឹងចំនួនមេដាយ ខ្ញុំកាន់តែយកចិត្តទុកដាក់លើការ ដែលការប្រកួតកីឡាអូឡាំពិករដូវរងា បានបញ្ចូលកម្លាំងចលករ និងភាពរស់រវើកដល់ប្រទេសចិន» ។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះ ត្រូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អាស្រ័យហេតុនេះ ក្រៅពីការចូលរួមការប្រកួត គណៈប្រតិភូកីឡា នៃបណ្តាប្រទេសនានា ក៏អាចដកបទពិសោធន៍ពីអរិយធម៌ និងវប្បធម៌ចិនដ៏ល្អផូរផង់ ដែលមានអាយុកាលជាង ៥០០០ ឆ្នាំផងដែរ ។

វប្បធម៌គឺជាចំណងគ្មានស្រមោលដ៏សក្តិសិទ្ធិ ក្នុងការតភ្ជាប់និងរឹតបន្តឹងមិត្តភាព រវាងមនុស្សដែលមានជាតិសាសន៍ទីទៃគ្នា ពិសេសក្នុងបរិបទជំងឺកូវីដ-១៩ វប្បធម៌កីឡាអូឡាំពិក នឹងដើរតួនាទីជំរុញសាមគ្គីភាព និងភាតរភាពរវាងអត្តពិល និងប្រជាជននៃបណ្តាប្រទេស ដើម្បីរួមគ្នាយកឈ្នះលើជំងឺឆ្លង ឆ្ពោះទៅអនាគតជាមួយគ្នា ឆ្ពោះទៅរកការបង្កើតសហគមន៍រួម វាសនារបស់មនុស្សជាតិ ៕ អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top