ព័ត៌មានអន្តរជាតិ

ប្រភព៖ ក្រសួងការពារជាតិអង់គ្លេស កំពុងរៀបចំសេណារីយ៉ូនៃការរឹតបន្តឹងលើរុស្ស៊ី ចំពេលមានវិបត្តិ អ៊ុយក្រែន

បរទេស៖ ប្រភពមួយបានប្រាប់ Sputnik ថា ក្រសួងការពារជាតិចក្រភពអង់គ្លេស បានរៀបចំសេណារីយ៉ូថ្មីនៃការរឹតបន្តឹងទៅលើប្រទេសរុស្ស៊ី រួមទាំងការបញ្ជូនទាហានណាតូបន្ថែមទៀត ទៅកាន់អឺរ៉ុបខាងកើត ដែលនឹងត្រូវពិចារណាដោយនាយករដ្ឋមន្ត្រីលោក Boris Johnson នៅចុងសប្តាហ៍នេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមប្រភពបាននិយាយថា “អន្តរាគមន៍ដ៏សំខាន់ទាំងនេះ [ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី] កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រធានការពារជាតិ និងសន្តិសុខ ពិចារណាជម្រើសការពារបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុប ក្នុងអំឡុងពេលសន្និសីទស៊ើបការណ៍កម្រិតខ្ពស់ ស្តីពីស្ថានភាពកាលពីសប្តាហ៍មុន” ។

បើតាមប្រភពដដែលបានបន្ថែមថា «នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងការពារជាតិ មន្រ្តីយោធាជាន់ខ្ពស់បានកំណត់ជម្រើសជាច្រើនដើម្បីកាត់បន្ថយការឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់ រួមទាំងការដាក់ពង្រាយថ្មី និងការពង្រឹងការការពាររបស់ណាតូ។ នាយករដ្ឋមន្ត្រីកំពុងពិចារណាជម្រើសទាំងនោះនៅចុងសប្តាហ៍នេះ»។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងទីក្រុងឡុងដ៍ កាន់តែយ៉ាប់យ៉ឺន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយអាជ្ញាធរអង់គ្លេសបានអះអាងថា រុស្ស៊ីកំពុងរៀបចំផែនការ “ឈ្លានពានអ៊ុយក្រែន” និង “លើកបន្តុបរដ្ឋាភិបាលអាយ៉ង” នៅក្នុងទីក្រុងគៀវ។ ចក្រភពអង់គ្លេសថែមទាំងបានដាក់ឈ្មោះអតីតសមាជិកសភាអ៊ុយក្រែន Yevhen Murayev ជាបេក្ខជនដ៏មានសក្តានុពលដើម្បីដឹកនាំរដ្ឋាភិបាលដែលគាំទ្ររុស្ស៊ីនៅអ៊ុយក្រែន ទោះបីជាគាត់ត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងម៉ូស្គូក្នុងឆ្នាំ២០១៨ ក៏ដោយ៕ប្រែសម្រួលៈ ណៃ តុលា

To Top