Covid-19

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជាអាទិភាពយុទ្ធសាស្រ្ត

ភ្នំពេញ៖ កម្ពុជាចាត់ទុកវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជាអាទិភាពយុទ្ធសាស្រ្ត និងវាយតម្លៃខ្ពស់ ចំពោះការជួយចែករំលែក វ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែក្នុងគោលដៅ ពន្លឿនការចាក់វ៉ាក់សាំងនៅទូទាំងសាកលលោក។

ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសប៉ូឡូញ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា​ក្នុងស្មារតីនេះ សម្ដេចតែងតែចំណាយពេលចូលរួម ទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ដោយផ្ទាល់ ដើម្បីសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះសណ្ដានចិត្តមនុស្សធម៌របស់ប្រទេសជាមិត្ត។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ក្នុងឱកាសនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណចំពោះជំនួយវ៉ាក់សាំងដែលឆ្លុះបញ្ចាំងឱ្យឃើញ ពីការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលប៉ូឡូញ ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល នៃកូវីដ១៩នៅកម្ពុជា ក៏ដូចជានៅលើសាកលលោកទាំងមូល»។

សម្ដេចតេជោ បានថ្លែងបន្តថា ការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ ក្នុងការគ្រប់គ្រងការឆ្លងរីករាលដាល និងការឈានទៅបញ្ចប់វិបត្តិ ជំងឺកូវីដ១៩ និងបើកដំណើរការសកម្មភាព សហគមន៍សេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព។

សម្ដេចតេជោ សង្កត់ធ្ងន់ថា ជាមួយនឹងអត្រា នៃការចាក់វ៉ាក់សាំងប្រមាណ៩០ភាគរយ នៃប្រជាជនសរុប១៦លាននាក់ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្ពុជា អាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណៈឱ្យឋិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការ សកម្មភាពសង្គមសេដ្ឋកិច្ច៕

To Top