ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យសាធារណរដ្ឋ ប៉ូឡូញ និងសហភាពអឺរ៉ុប បន្តផ្តល់ការគាំទ្រដល់កម្ពុជា និងអាស៊ាន និងលើកទឹកចិត្តឱ្យធុរជន-វិនិយោគិនប៉ូឡូញ ក៏ដូចជាសហភាពអឺរ៉ុប បង្កើនការធ្វើធុរកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេស លើវិស័យកសិ ឧស្សាហកម្មអប់រំ និងទេសចរណ៍ នៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន ទាំងមូល ។
ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ , ចំណងមិត្តភាព និង សាមគ្គីភាពរវាង កម្ពុជា-ប៉ូឡូញ និងអាស៊ាន-ប៉ូឡូញ ព្រមទាំងរវាងកម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន សហភាពអឺរ៉ុប ឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតថែមទៀត ។
សម្ដេចតេជោហ៊ុន សែន បានរំលឹកថាកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ គឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូត តាំងពី ឆ្នាំ១៩៦៧ ។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ, កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានរក្សាទំនងទំនងល្អទាំងផ្នែកការទូត អប់រំសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមសម្តែងនូវ អំណរគុណដល់សាធារណរដ្ឋប៉ូឡូញ ដែលតែងតែផ្ដល់ជំនួយ និងការគាំទ្រដល់កម្ពុជា ក៏ដូចជាតំបន់ អាស៊ានទាំងមូល ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី ។
បន្ថែមពីនេះ សម្ដេចតេជោអំពាវនាវឱ្យប្រជាជនកម្ពុជា មិនត្រូវភ្លេចខ្លួន និងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការសុខាភិបាល ជាពិសេសវិធានការ «៣-ការពារ និង ៣-កុំ» និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង ដូសជំរុញ ឱ្យបានគ្រប់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបន្តរក្សាឱ្យបាននូវ ភាពសុំសហគមន៍ និងធានាបាននូវកិច្ចដំណើរការ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញ ប្រកបដោយសុវត្ថិភាព និងមិន ត្រឡប់ថយក្រោយវិញ ៕