ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញជាសំនួរថា តើមានប្រទេសប៉ុន្មានលើសាកលលោក ដែលគ្មានការតវ៉ា ខណៈអាមេរិក នៅតែបន្តមានការតវ៉ា និងបាញ់បោះដោយសេរី ព្រមទាំងលក់ដូរកាំភ្លើងទៀតផង តើប្រទេសនេះ ពិតជាមានសន្តិភាពមែនឬអត់?
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី នៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កត្តាសន្ដិភាពនាំមកនូវ ការអភិវឌ្ឍន៍លើគ្រប់វិស័យ រាប់ទាំងវិស័យទេសចរណ៍ ជាដើម បើគ្មានសន្ដិភាពទេកុំសង្ឃឹមថា ធ្វើដំណើរដោយសុវត្ថិភាព។
សម្ដេច បន្ដថា សន្ដិភាព ពិតជាសំខាន់សម្រាប់ជីវិតមនុស្ស និងសម្រាប់អ្វីៗទាំងអស់ស្ថិតនៅលើភពផែនដី មិនមែនសម្រាប់តែប្រទេសកម្ពុជា ម្នាក់ឯងឡើយ។
សម្ដេច បញ្ជាក់ថា «ខ្ញុំ និយាយប្រាប់ទៅអ្នកដ៏ទៃ ដែលនិយាយថា បើនៅតែមានការតវ៉ា ប្រទេសហ្នឹងគិតជាគ្មានសន្ដិភាពទេ។ ខ្ញុំ ដាក់ជាសំនួរ ថា តើមានប្រទេសប៉ុន្មានលើទៅសាកលលោក ដែលគ្មានការតវ៉ា ចឹងប្រទេសណុងអត់សន្ដិភាពដែរឬអី?។ ដូចអ្នកឡាយពីអាមេរិក ថា ស្រុកខ្មែរអត់ទាន់មានសន្ដិភាពទេ ដោយសារមានការតវ៉ា រឿងនេះ រឿងនោះ បើដូច្នោះនៅអាមេរិក កាន់តែអត់មានសន្ដិភាព បើនៅអាមេរិក មិនត្រឹមតែមានការតវ៉ា ថែមទាំងបាញ់គ្នាងាប់ គ្រាន់តែខែមករានេះ ងាប់ប៉ុន្មាន នៅស្រុកអាមេរិក យកកាំភ្លើងចេញពីឃ្លាំងបាញ់ ព្រោះស្រុកអាមេរិក លក់កាំភ្លើងដោយសេរី»។
សម្ដេច បញ្ជាក់ទៀតថា «ខ្ញុំ អត់ធានាជូនអំពីសន្ដិភាពផ្លូវចិត្ត ទៅអស់លោកអ្នកទេ ខ្ញុំគ្រាន់តែធានាថា ជីវិតមនុស្ស ត្រូវបានធនាដោយគ្មានការស្លាប់ ឬរបួស ដោយសារការចម្បាំងរាំងជល់ ដោយធ្លាប់មានពីអតីតកាលតែប៉ុណ្ណោះ»។
ជាងនេះទៅទៀត សម្ដេចលើកឡើងថា ត្រង់រឿង សន្ដិភាពផ្លូវជាតិរបស់អស់លោក គឺស្ថិតលើអស់លោកតែប៉ុណ្ណោះ សម្ដេច មិនអាចជ្រៀតជ្រែកបានឡើយ។ សម្ដេច ថា «បុរសខ្លះក្បត់ប្រពន្ធ ឬប្រពន្ធក្បត់ប្ដី តើមានសន្ដិភាពផ្លូវចិត្តទេ?» គឺអត់ទេ ៕