ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យម្ចាស់ចម្ការទុរេន បង្កើតសហគមន៍ ដើម្បីងាយស្រួលនាំចេញ ទៅក្រៅប្រទេស

ភ្នំពេញ៖ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ និងជាពិសេសចង់ឲ្យផលិតផលផ្លែទុរេន មានទីផ្សារនៅលើឆាកអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន កសិករដែលបានដាំដំណាំនេះ ត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរេននៅតាម តំបន់នីមួយៗដែលមានសក្តានុពល ។

តាមរយៈគេហទំព័រហ្វេសប៊ុកលោក វេង សុខុន បានថ្លែងថា ដំណាំទុរេន គឺជាដំណាំដែលមាន សក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ តាក់តែងមែក ការកំណត់ចំនួនផ្លែក្នុងដើម នីមួយៗទៅតាមអាយុកាល ការផ្តល់ជី និងទឹក និងការមើលថែរក្សា ការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជា ទើបទទួលបានទិន្នផលខ្ពស់។

លោកសង្កត់ធ្ងន់ថា ផ្លែទុរេនមានរសជាតិឆ្ងាញ់ មានតម្លៃលើទីផ្សារខ្ពស់ ដែលម្ចាស់ចម្ការទទួលបាន ចំណូលខ្ពស់ប្រចាំឆ្នាំ ប៉ុន្តែដើម្បីទទួលបានប្រាក់ចំណូល កាន់តែខ្ពស់ថែមទៀត និងជាពិសេសយើងចង់ឲ្យ ផលិតផលនេះមានទីផ្សារ នៅលើឆាកអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន ចំពោះម្ចាស់ចម្ការត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរេននៅតាម តំបន់នីមួយៗដែល មានសក្តានុពល។ កត្តានេះ វានឹងធ្វើឲ្យឈ្មួញ ឬទីផ្សារក្រៅប្រទេសក្តាប់ បាននូវផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងបរិមាណផលដែលមាន លទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារ។ យកសិទ្ធិ និងអំណាចរបស់បណ្តុំ ឬសហគមន៍តវ៉ា ចរចាតម្លៃជាមួយដៃគូ ចុះកុងត្រា ឬធ្វើកិច្ចសន្យាផលិត សំខាន់ជាងនេះ គឺអាចទទួលបានការ បណ្តុះបណ្តាលបច្ចេកទេស និងលទ្ធភាពទទួលបានឥណទានពីប្រភព ផ្សេងៗ។ល។

លោករដ្ឋមន្ត្រីក៏បានណែនាំទៅកាន់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវជួយរៀបចំសម្របសម្រួលការងារ នេះឲ្យបានរលូន និងឆាប់តាមដែលអាចធ្វើទៅបាន។

លោក វេង សុខុន បានជំរុញឲ្យអគ្គនាយកដ្ឋាន កសិកម្មសិក្សាពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យរបស់ទីផ្សារចិន ធ្វើទំនាក់ទំនងជាមួយ អគ្គរដ្ឋបាលគយចិនសិក្សាពីបែបបទ និងឯកសារតម្រូវទាំងបច្ចេកទេស និងច្បាប់។ គួរសហការជាមួយក្រុមហ៊ុននាំចេញស្វាយ ឬចេកអំបូងលឿង ដើម្បីស្វែងយល់បន្ថែម អំពីលទ្ធភាពនាំចេញទុរេន កម្ពុជាទៅកាន់ទីផ្សារចិន នាពេលអនាគតដ៏ខ្លី។ មួយវិញទៀត អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើ បច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរ៉េន និងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នាក៏ត្រូវយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាម ស្តង់ដារ CamGAP ជាពិសេសស្តង់ដារទីផ្សារនាំចេញ៕

To Top