ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ ពីស្ថានភាពប្រែប្រួលជាអវិជ្ជមាន ប្រកបដោយហានិភ័យខ្ពស់ បណ្ដាលមកពីគ្រឿងញៀន។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣១ មរាក សម្ដេច ស ខេង បានថ្លែងបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនអំពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ដែលសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំ២០២១។ នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជាយើងនៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពី ស្ថានភាពប្រែប្រួលជាអវិជ្ជមានប្រកបដោយហានិភ័យខ្ពស់បណ្ដាមកពីគ្រឿងញៀន។ បញ្ហានេះគឺដោយសារតែការកើនឡើងឥតឈប់ឈរ នៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀន នៅលើពិភពលោក និងក្នុងតំបន់»។
សម្ដេច បន្ដថា ជាក់ស្ដែងទោះបីចំនួនករណីគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ ៨០តោន រួមទាំង ម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗ ដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ។
សម្ដេច បន្ថែមថា ជារួម ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៦៣០៨ករណី ស្មើនឹង៦០,៣០ភាគរយគិតលើឆ្នាំ២០២០ ពោលគឺបានថយចុះ ៤.១៥៣ករណី ស្មើនឹង៣៩,៧០ភាគរយធៀបនឹងឆ្នាំ២០២០ កន្លង។
សម្ដេច រៀបរាប់ថា ក្នុងចំណោមករណីបង្ក្រាបបាន ករណីជួញដូរ រក្សាទុក ចំនួន៤៤៧៣ករណី, ករណីប្រើប្រាស់ ចំនួន១៧៨៩ករណី, ករណីដាំដុះ ចំនួន៣៧ករណី, ករណីកែច្នៃ ៩ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន១៣៩៧៩នាក់ ក្នុងនោះ ជនសង្ស័យករណីជួញដូរ រក្សាទុក ចំនួន៨៦៧២នាក់, ប្រើប្រាស់គ្រឿងញៀន ចំនួន៥២៦៤នាក់, ដាំដុះ ចំនួន៩នាក់ និងកែច្នៃ ចំនួន៣៤នាក់។ ក្នុងចំណោមជនសង្ស័យនោះ មានជនបរទេស ចំនួន៣៦៥នាក់។
ផ្អែកតាមលទ្ធផល នៃកិច្ចប្រតិបត្តិការដូចបានបញ្ជាក់ជូនខាងលើ សម្ដេច ស ខេង លើកឡើងថា ឆ្នាំ២០២១ សមត្ថកិច្ច បានចាប់យកគ្រឿងញៀនសរុបជាង ៤តោន៦៨៩គីឡូក្រាម និង៦១១,៤៧ក្រាម ក្នុងនោះ រួមមានមេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង៩៤៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY)ជាង៦គីឡូក្រាម, អិចស្តាស៊ីជាង ៥៥៦គីឡូក្រាម, កេតាមីនជាង២៧៨២គីឡូក្រាម, ហេរ៉ូអ៊ីនជាង២៧៥គីឡូក្រាម, កាទីណូនជាង១០៦គីឡូក្រាម, នីមេតាសេប៉ាមជាង១១គីឡូក្រាម និងកាកូអីនជាង១គីឡូក្រាម។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បង្ក្រាបបានកញ្ជាស្រស់ដោយបានកាប់បំផ្លាញបានចំនួន៥៣.១៨៧ដើម កញ្ឆាក្រោមជាង១៣៥គីឡូក្រាម ខណៈសារធាតុគីមីផ្សុំបង្ក្រាបបានជាង៨៤តោន កើនជាង១ពាន់ភាគរយឯណោះ។
យោងតាមរបាយការណ៍ពី គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ២០២១ សមត្ថកិច្ច ក៏ប្រមូលបាន និងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត រួចរាល់នូវសម្ភារៈចាប់យកមួយចំនួន ដូចជា ៖ រថយន្ត ១៣៨គ្រឿង, ម៉ូតូ ១.៩៨៨គ្រឿង, ទូរសព្ទ ៦.៥៥៤គ្រឿង, ជញ្ជីង ៣៨៥គ្រឿង, អាវុធវែង ៥០ដើម, អាវុធខ្លី ២៩ដើម, ប្រាក់រៀលជាង ៧៨លានរៀល, ប្រាក់អាមេរិកជាង ៣ម៉ឺនដុល្លារ, ប្រាក់ថៃជាង ១សែនបាត និងប្រាក់វៀតណាមជាង ៨ម៉ឺនដុង ព្រមទាំងបានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យ ចំនួន ២០កន្លែង។
ជាងនេះទៅទៀត សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្ញុំ ធ្លាប់បញ្ជាក់ជូនហើយថា បញ្ហាកូវីដ-១៩នេះ ថ្វីដ្បិតថា ពេលនៅមិនទាន់មានការថមថយ ប៉ុន្តែវាទំនងជាអាចដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយមិនខាន ឡើយប៉ុន្តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញនោះទេ ដោយសារក្រុមឧក្រិដ្ឋជននៅតែបន្តរិះរកវិធីសាស្ត្រថ្មីៗដើម្បីផលិត និងចែកចាយ»។
សម្ដេច បន្ដទៀតថា កាលពីដើមឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ចង្អុលបង្ហាញលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះណាស់ ពិសេស បានឯកភាពកែសម្រួលលក្ខណៈសម្បត្តិនៃគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដោយលើកជាកម្រិតគោលនយោបាយ និងបានបន្តដាក់បញ្ចូលបញ្ហាគ្រឿងញៀនជាកិច្ចការអាទិភាព៕