បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាឱកាសសំខាន់មួយ សម្រាប់ពិភពលោកស្វែងយល់ពីវប្បធម៌ “សុខដុម” របស់ប្រទេសចិន។ ប្រជាជននៃប្រទេសជាច្រើនចូលចិត្ត វប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពីព្រោះប្រទេសចិនដែលមានការអភិវឌ្ឍ ដោយឥតឈប់ឈរបានភ្ជាប់ការទាក់ទងកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេសលើលោក មួយទៀតគឺព្រោះខ្លឹមសារ ផ្នែកវប្បធម៌និងគុណតម្លៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានធ្វើឱ្យប្រជាជន នៃបណ្តាប្រទេសចាប់អារម្មណ៍ថា ស៊ីគ្នានឹងគុណតម្លៃរបស់ខ្លួន។
វប្បធម៌ “សុខដុម” នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានគេសម្គាល់ថា កាន់តែមានតម្លៃក្នុងយុគសម័យបច្ចុប្បន្ន ដែលសកលលោករួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លង ក្រោមសភាពការណ៍អន្តរជាតិ ដ៏កាន់តែស្មុគស្មាញ។
សុខដុម ជារឿងសំខាន់មួយដែលអាចផ្សារភ្ជាប់ បណ្តាប្រទេសជាមួយគ្នា។ វប្បធម៌ “សុខដុម” ផ្សព្វផ្សាយពីទស្សនៈអន្តរជាតិអំពីការស្វែងរកសុខសន្តិភាព សមស្របនឹងតម្រូវការទូទៅរបស់ប្រជាជន នៃបណ្តាប្រទេស ដែលចង់បានស្ថរិភាពនិងសន្តិសុខ ។ ជំងឺកូវីដ ១៩ នៅតែកំពុងរាលដាលជាសកល ខណៈពិភពលោកស្ថិតក្នុងសភាពការណ៍ ប្រែប្រួលយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍។ ក្នុងគ្រាពិសេសនៃប្រវត្តិសាស្ត្រ វប្បធម៌មានអំណោយផលដល់ការស្វែងយល់ ពីបំណងប្រាថ្នារបស់ប្រជាជន។ វប្បធម៌ ”សុខដុម” ដែលប្រជាជាតិចិនបន្តពីមួយជំនាន់ទៅមួយជំនាន់ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ ដល់វិធីសាស្ត្រទាក់ទងជាមួយប្រទេសផ្សេងរបស់ចិន។ ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ច នូវមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព មានឆន្ទៈថែរក្សា គាំពារ ចែករំលែកសន្តិភាពជាមួយប្រជាជននៃបណ្តាប្រទេស ។
ភាពខុសគ្នារួមរស់នៅជាមួយកកើតជាភាពសុខដុមរមនា។ វប្បធម៌ “សុខដុម” ផ្សព្វផ្សាយពីទស្សនៈសង្គមស្តីពីភាពបរិយាប័ន្ន ដែលសមស្របនឹងតម្រូវការទូទៅ របស់ប្រជាជនគ្រប់ប្រទេស ដែលចង់ឱ្យវប្បធម៌ខុសគ្នា ផ្លាស់ប្តូរគ្នាកាន់តែស៊ីជម្រៅ។ យុគសម័យនេះភពផែនដីគឺភូមិតូចមួយ យើងពឹងលើវេទិកាព័ត៌មានវិទ្យា វប្បធម៌ខុសៗគ្នាអាចទាក់ទងគ្នាផ្ទាល់ នៅគ្រប់ពេលវេលាបាន។ ប្រជាជនប្រទេសជាច្រើនបានចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ បានបង្ហាញឱ្យឃើញថា វប្បធម៌ខុសគ្នាស្ថិតនៅជាមួយគ្នាយ៉ាងល្អប្រសើរ។ ឱ្យតែគោរពគ្នា ផ្តោតសំខាន់លើភាពដូចគ្នា ទទួលយកភាពខុសគ្នា នឹងអាចរួមរស់នៅដោយសន្តិភាពបាន ក៏នឹងជំរុញដល់អរិយធម៌មនុស្សជាតិផងដែរ។
ធម្មជាតិនិងមនុស្សជាតិមានភាពសុខដុម។ វប្បធម៌ “សុខដុម” ផ្តួចផ្តើមពីទស្សនៈគាំពារអេកូឡូស៊ី ដែលសមស្របនឹងតម្រូវការទូទៅនៃការអភិវឌ្ឍបៃតង របស់ប្រជាជននៃបណ្តាប្រទេស។ ការអនុលោមតាមក្រឹតក្រមធម្មជាតិ និងគោរពធម្មជាតិ មានអំណោយផលដល់ការជំរុញសេដ្ឋកិច្ចពិភពលោក ឱ្យស្តារឡើងវិញប្រកបដោយភាពបៃតង។
មនុស្សម្នារួមរស់នៅដោយសុខដុមរមនា។ វប្បធម៌ “សុខដុម” ផ្សព្វផ្សាយពីសច្ចធម៌ដែលថា មនុស្សត្រូវមានគុណធម៌ ដែលសមស្របនឹងតម្រូវការទូទៅរបស់ប្រជាជនគ្រប់ប្រទេស ដែលចង់បានការផ្លាស់ប្តូរគ្នាយ៉ាងសុខដុមរមនា។ យើងមិនបំភ្លេចគ្រាដែលមនុស្សម្នាជួយគាំទ្រគ្នាដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង ជួបនឹងលំបាកទើបដឹងពីមិត្តភាពពិត។
ស្វែងយល់ពីវប្បធម៌ “សុខដុម” តាមរយៈការរួមគ្នាអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក៏ជាស្ពាននៃការផ្លាស់ប្តូរមួយផងដែរ ដែលនឹងបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនដល់យើង។ ជោគវាសនារបស់មនុស្សជាតិ ផ្សារតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ការសម្រេចជីវភាពរស់នៅល្អបវរមិនអាចគ្មានកម្លាំងនៃ “សុខដុម”នោះទេ។ មានតែបន្តជំរុញឱ្យប្រជាជន គ្រប់ប្រទេសពង្រីកការយោគយល់គ្នាឱ្យកាន់តែស៊ីជម្រៅ បន្តបង្កើនមនសិការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិ ទើបមនុស្សជាតិអាចបន្តប្រមូលផ្តុំកម្លាំងនៃកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព ដើម្បីទប់ទល់បញ្ហាសកល រួមគ្នាបង្កើតអនាគតដ៏ល្អបវរ៕