បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារបានព្រមានថា លទ្ធភាពដែលប្រទេសអ៊ុយក្រែនចូលរួមជាមួយអង្គការ NATO បង្កការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប ព្រោះវាបង្កើតមូលដ្ឋានជាច្រើន សម្រាប់ជម្លោះដ៏ធំមួយ រវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងប្លុកយោធា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា គោលលទ្ធិផ្លូវការរបស់អ៊ុយក្រែន រួមមានចេតនាក្នុងការស្ដារអធិបតេយ្យភាពរបស់ទីក្រុងកៀវ លើឧបទ្វីបគ្រីមៀ ដែលជាផ្នែកមួយនៃប្រទេសរុស្ស៊ីតាំងពីឆ្នាំ ២០១៤ ហើយជាពិសេសនោះ តាមរយៈ “មធ្យោបាយយោធា” ដែលលោកបានចង្អុលបង្ហាញ ក្នុងអំឡុងពេល សន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី Victor Orbán។
លោកពូទីនបានបន្ថែមថា សមាជិកភាពដ៏មានសក្តានុពលរបស់អង្គការណាតូ នឹងឃើញអ៊ុយក្រែន “ពោរពេញដោយអាវុធ” ដោយរដ្ឋាភិបាលទីក្រុងគៀវ បានផ្តល់នូវការចូលអ៊ុយក្រែន របស់រដ្ឋដែលមានអាវុធវាយលុកដ៏ទំនើប។
ប្រធានាធិបតីរុស្ស៊ី បានព្រមានបន្ថែមថា ការវិវឌ្ឍន៍បែបនេះអាចជំរុញឱ្យរដ្ឋាភិបាលទីក្រុង គៀវ បន្តផែនការរបស់ខ្លួនក្នុងការចាប់ផ្តើម “ប្រតិបត្តិការ” យោធានៅតំបន់ គ្រីមៀរ បន្ទាប់មក រដ្ឋាភិបាលទីក្រុងមូស្គូនឹងត្រូវឆ្លើយតប ចាប់តាំងពីខ្លួនបានចាត់ទុកឧបទ្វីបដែលត្រូវបានរុស្សីទទួលយកឡើងវិញនៅក្នុងប្រជាមតិកាលពីខែមីនា ឆ្នាំ២០១៤ ជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
