ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង តួកគីវាយប្រហារ ចំគោលដៅក្រុមឧទ្ទាមឃឺដ ច្រើនកន្លែងនៅស៊ីរី និងអ៊ីរ៉ាក់

បរទេស៖យោងតាមការប្រកាសអះអាងដោយក្រសួងការពារជាតិនៃប្រទេសតួកគីនៅថ្ងៃពុធនេះបានឲ្យដឹងថាយន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារចំគោលដៅនៃ ក្រុមឧទ្ទាមឃឺដជាច្រើនកន្លែងបូករួមទាំងទីតាំងហ្វឹកហ្វឺនក្រុមប្រយុទ្ធផងនៅក្នុងប្រទេសអ៊ីរ៉ាក់និងភាគខាងជើងប្រទេសស៊ីរី។

ការវាយប្រហារតាមអាកាសលើកនេះធ្វើឡើងគឺជាផ្នែកមួយនៃយុទ្ធនាការរបស់កងកម្លាំងយោធានៃប្រទេសតួកគីនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីដើម្បីប្រយុទ្ធប្រឆាំងទៅនឹងក្រុមឧទ្ទាមឃឺដដែលកំពុងសំងំលាក់ខ្លួននៅក្នុងប្រទេសទាំងពីរនិងជាក្រុមដែលត្រូវបានរដ្ឋាភិបាលតួកគីចាត់ទុកថាជាក្រុមភេវរកម្មអន្តរជាតិ។

នៅថ្ងៃពុធដដែលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិតួកគីលោក Hulusi Akar បានបញ្ជាក់ថាប្រតិបត្តិការវាយប្រហារបានប្រព្រឹត្តយ៉ាងជោគជ័យហើយក្នុងនោះជាលទ្ធផលក្រុមភេវរកម្មជាច្រើននាក់ត្រូវបានបាត់បង់ជីវិត។

ទោះបីជាយ៉ាងណាក្តីក្រុមកងកម្លាំងយោធារបស់ប្រទេសអ៊ីរ៉ាក់បានធ្វើការស្តីបន្ទោសតួកគីបានរំខាននិងឈ្លានពានរំលោភលើដែនអធិបតេយ្យរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី

To Top