បរទេស៖ អាល្លឺម៉ង់បានបង្កការ ខឹងសម្បារដល់ទាហានមួយចំនួន បន្ទាប់ពីប្រទេសនេះ បានផ្តល់មួកយោធាចំនួន ៥ ០០០មួក ដល់អ៊ុយក្រែនដើម្បីជួយខ្លួនការពារខ្លួន ពីការឈ្លានពានរបស់រុស្ស៊ី ដែលអាចកើតមាន។
យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ទាហានរុស្ស៊ីប្រហែល១០ម៉ឺននាក់ត្រូវបានគេជឿថា ស្ថិតនៅតាមព្រំដែនជាមួយអ៊ុយក្រែន។ ខណៈពេលដែលប្រទេសនានា ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបញ្ជូនផ្នែករឹងយោធា ទៅកាន់អ៊ុយក្រែន , ប្រទេសអាល្លឺម៉ង់ គឺមានការស្ទាក់ស្ទើរ ក្នុងការបញ្ជូនឧបករណ៍។
ការផ្តល់មួកសុវត្ថិភាព ដែលធ្វើឡើងកាលពីថ្ងៃពុធ ត្រូវបានមន្ត្រីអ៊ុយក្រែនមួយចំនួនចំអក។ សម្រាប់មួយនៃការចំអកនោះ គឺ អភិបាលក្រុង Kyiv លោក Vitali Klitschko បានច្រានចោលការផ្តល់ជូននេះ ហើយថាជា “រឿងកំប្លែង” ហើយបាននិយាយថា វាបានធ្វើឱ្យគាត់ “គ្មានពាក្យនឹងនិយាយ” ។
គាត់បានប្រាប់កាសែតអាល្លឺម៉ង់ Bild កាលពីថ្ងៃពុធថា “អាកប្បកិរិយារបស់ រដ្ឋាភិបាលអាល្លឺម៉ង់ ធ្វើឱ្យខ្ញុំនិយាយលែងចេញ។ ក្រសួងការពារជាតិទំនងជាមិនបានដឹងថា យើងកំពុងប្រឈមមុខនឹងកងកម្លាំងរុស្ស៊ី ដែលមានបំពាក់យ៉ាងល្អឥតខ្ចោះដែលអាចចាប់ផ្តើមការលុកលុយ មួយទៀតលើអ៊ុយក្រែននៅពេលណាក៏បាន»។
លោក Vitali Klitschko បានចោទសួរថា “តើអាល្លឺម៉ង់នឹងបញ្ជូនជំនួយបែបណានៅពេលបន្ទាប់?” បញ្ជូន “ខ្នើយមកមែនទេ?”
ប្រែសម្រួលៈ ណៃ តុលា