ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
ការអំពាវនាវរបស់ក្រសួងនេះ ដោយសារក្រសួងបានព្យាករឃើញថា ក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំនេះ ទោះជាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។
យោងតាមសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី១ របស់ក្រសួងនាថ្ងៃ២២ កុម្ភៈ បានឲ្យដឹងថា “បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក” ។
ក្រសួងធនធានទឹក បានរៀបរាប់អំពី ស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២២ឲ្យដឹងបន្តថា ទី១- បាតុភូតសកល ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជា នៅបន្តទទួលរងនូវឥទ្ធិពល បាតុភូតឡានីណា La Nina ប្រមាណ ៨៥ ភាគរយ និងថយចុះសន្សឹមៗឆ្ពោះទៅបាតុភូត Neutral ដែលជាបាតុភូតនៅចន្លោះ រវាងអែលនីណូ El Nino (ក្តៅ) និងឡានីណា La Nina (ត្រជាក់) ប្រមាណ ៧០ ភាគរយវិញ ។ ព្រមជាមួយគ្នានឹងបាតុភូត El Nino មានប្រមាណ ១០ ភាគរយ ។
ទី២- រដូវប្រាំង ៖ សីតុណ្ហភាពអាចទាប ជាងមធ្យមភាគច្រើនឆ្នាំ គឺនៅខែកុម្ភៈ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ២១-២៤អង្សាសេ ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៨-២១អង្សាសេ។ ដោយឡែក សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ ពី២០-២៣អង្សាសេ ។
ក្នុងនោះ ចាប់ពីខែមេសា ដល់ខែឧសភា ៖ ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់ ។ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងពី ៣៥-៣៨អង្សាសេ ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងពី ៣៤-៣៧អង្សាសេ។ ដោយឡែក សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងពី៣២-៣៥អង្សាសេ។ ក្នុងខែមេសា និងខែឧសភា ៖ កម្រិតសីតុណ្ហភាពអតិបរមាអាចនឹង កើនឡើងខ្ពស់បំផុតក្នុងរង្វង់ពី៣៧-៣៩ អង្សាសេ ។
ចំពោះបរិមាណទឹកភ្លៀង អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងច្រើនជាងឆ្នាំ២០២១ ។ ចាប់ពីខែកុម្ភៈ រហូតដល់ដើមខែឧសភា នឹងអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន។ ទន្ទឹមនោះក៏មានការ កើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ច្រើនផងដែរ ។
សម្រាប់ ដើមរដូវវស្សាឆ្នាំ២០២២ នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ១ នៃខែឧសភា និងតំបន់ខ្ពង់រាប អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ២ នៃ ខែឧសភា ៕