ព័ត៌មានអន្តរជាតិ

បេសកជនចិន អំពាវនាវឲ្យមាន​ ការទូតស្ងប់ស្ងាត់ លើវិបត្ដិនៅអ៊ុយក្រែន

ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានទំនាក់ទំនងការទូតស្ងប់ស្ងាត់ ជំនួសឱ្យការទូតតាមមេហ្គា ស្តីពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងការបោះឆ្នោតតាមនីតិវិធី ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងកិច្ចប្រជុំ បើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីអ៊ុយក្រែន។ កិច្ចប្រជុំបានឈានទៅមុខ ខណៈសមាជិកក្រុមប្រឹក្សា ១០រូបទៀត បានបោះឆ្នោតគាំទ្រ។

ចិនប្រឆាំងនឹងការរៀបចំកិច្ចប្រជុំបែបនេះ របស់ក្រុមប្រឹក្សាសន្តិសុខ តាមសំណើរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក នៅក្នុងលិខិតផ្ញើទៅកាន់ ប្រធានក្រុមប្រឹក្សាសន្តិសុខ ចុះថ្ងៃទី២៧ ខែមករា បានអះអាងថា ការដាក់ពង្រាយទាហានរបស់រុស្ស៊ី នៅតាមព្រំដែន ជាមួយអ៊ុយក្រែន បានបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសចិន មិនអាចយល់ស្របនឹងការទាមទារ បែបនេះបាននោះទេ។

លោកបានលើកឡើងថា “ថ្មីៗនេះ ពិតជាមានភាពតានតឹងជុំវិញ បញ្ហាអ៊ុយក្រែន។ យើងកំពុងយកចិត្តទុកដាក់ ចំពោះអ្វីដែលពិត ជាធ្វើឱ្យមានភាពតានតឹង។ ប្រទេសមួយចំនួន ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានអះអាងថា មានសង្រ្គាមកំពុងផ្ទុះឡើង នៅក្នុងអ៊ុយក្រែន”។

ប៉ុន្ដែប្រទេសរុស្ស៊ី បានឲ្យដឹងម្តងហើយម្តងទៀតថា ទាំងរុស្ស៊ី អ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនត្រូវការសង្គ្រាមនោះទេ។ ក្នុងកាលៈទេសៈបែបនេះ តើអ្វីជាមូលដ្ឋានសម្រាប់ប្រទេសពាក់ព័ន្ធ ដែលទទូចថានឹងមានសង្គ្រាម។

សហរដ្ឋអាមេរិក អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុប ពាក់ព័ន្ធ ក៏ដូចជាអង្គការណាតូ កំពុងមានទម្រង់ផ្សេងៗគ្នា នៃទំនាក់ទំនងការទូតជាមួយរុស្ស៊ី។ ភាគីពាក់ព័ន្ធគួរតែបន្តស្វែងរក ការដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនា និងការចរចា។ លោកបាន បន្តថា អ្វីដែលត្រូវការជាបន្ទាន់នៅពេលនេះ គឺការទូតស្ងាត់ៗមិនមែនជាការទូត តាមមេហ្គានោះទេ៕ ដោយ ឈូក បូរ៉ា

To Top