ព័ត៌មានអន្តរជាតិ

សាក្សី៖ ប្រជាជនអ៊ុយក្រែនប្រហែល ៤០ភាគរយ នៅព្រំដែនជាមួយរុស្ស៊ី រៀបចំកាបូប, លុយ និងចាក់សាំងពេញរថយន្ត ត្រៀមជាស្រេច

បរទេស៖ ភាពតានតឹងអន្តរជាតិមានកម្រិតខ្ពស់ នៅពេលដែលទាហាន និងឧបករណ៍យោធា របស់រុស្ស៊ីបន្តប្រមូលផ្តុំនៅព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលបង្កើតអនាគតមិនច្បាស់លាស់ សម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់។

យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានកាលពីថ្ងៃអង្គារថា ការប្រឈមមុខដាក់គ្នា ខាងយោធាជាមួយរុស្ស៊ីនឹងបណ្តាលឱ្យមានសង្គ្រាម “ពេញលក្ខណៈ” នៅលើទឹកដីអឺរ៉ុប។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងមូស្គូបានបដិសេធថាខ្លួនមានគម្រោង ឈ្លានពានអ៊ុយក្រែន ដែលជាអតីតផ្នែកនៃសហភាពសូវៀត ប៉ុន្តែប្រទេសនេះ បានបញ្ជូនទាហានប្រហែល ១៣០ ០០០ នាក់ រថក្រោះ មីស៊ីល និងសូម្បីតែការផ្គត់ផ្គង់ឈាមស្រស់ទៅកាន់ព្រំដែន, នេះបើយោងតាម NBC News ។

រុស្ស៊ីកំពុងទាមទារកុំឱ្យអ៊ុយក្រែន ត្រូវបានអនុញ្ញាតឱ្យក្លាយជាសមាជិកនៃសម្ព័ន្ធមិត្តយោធាណាតូ ហើយថែមទាំងបាននិយាយថា ខ្លួនចង់ឱ្យអង្គការនេះវិលត្រឡប់មកវិញនូវវត្តមានរបស់ខ្លួននៅអឺរ៉ុបខាងកើត។

លោក Maksym ជាជនជាតិអ៊ុយក្រែនដែលរស់នៅក្នុងទីក្រុង Kramatorsk ចម្ងាយប្រហែល ១០០ ម៉ាយពីព្រំដែនរុស្ស៊ីបានប្រាប់ CNBC តាមទូរស័ព្ទថា ភាពតានតឹងកើនឡើងគឺ “គួរឱ្យខ្លាច” ។ ទីក្រុង Kramatorsk នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនត្រូវបានក្តោបក្តាប់ដោយពួកបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីការដណ្តើមកាន់កាប់របស់ទីក្រុងម៉ូស្គូ និងការបញ្ចូលគ្រីមៀពីអ៊ុយក្រែន។ ក្រោយមកត្រូវបានកម្លាំងរដ្ឋាភិបាលយកមកវិញ។

Maksym បានបន្តថា “យើងបានរស់នៅក្នុងស្ថានភាពនេះអស់រយៈពេលប្រាំពីរឆ្នាំមកហើយ។ មានមនុស្សជាច្រើន – ខ្ញុំគិតថា 30 ទៅ 40% នៃចំនួនប្រជាជននៃទីក្រុងរបស់ខ្ញុំ -រៀបចំកាបូបសម្រាប់ភាពបន្ទាន់ ដូចជាលុយ ឯកសារ និងធុងហ្គាសពេញនៅក្នុងឡានរបស់ពួកគេ។ យើងត្រៀមខ្លួនរួចរាល់ហើយ»។

មនុស្សប្រហែល ១៣ ០០០ នាក់នៅភាគខាងកើតអ៊ុយក្រែនបានស្លាប់នៅក្នុងជម្លោះ ដែលកំពុងបន្តរវាងកងទ័ពអ៊ុយក្រែន និងក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅក្នុងតំបន់ Donbas ៕ប្រែសម្រួលៈ ណៃ តុលា

To Top