ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក៖ ប្រតិបត្តិការប្រឆាំងភេរវកម្ម របស់អាមេរិក នៅភាគពាយ័ព្យប្រទេសស៊ីរី បានកម្ទេចមេភេរវករ ISIS ដោយជោគជ័យ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក នៅភាគពាយ័ព្យប្រទេសស៊ីរី បានដោយជោគជ័យ ដោយយកក្រុមរដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) មេដឹកនាំ Abu Ibrahim al-Hashimi al-Qurayshi “ចេញពីសមរភូមិ” ។ របាយការណ៍ក៏បង្ហាញថា ជនស៊ីវិលជាច្រើននាក់ ត្រូវបានសម្លាប់ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បានអានសេចក្តីថ្លែងការណ៍មួយថា “កាលពីយប់មិញ តាមការណែនាំរបស់ខ្ញុំ កងកម្លាំងយោធាអាមេរិក នៅភាគពាយព្យប្រទេសស៊ីរី បានដំណើរការដោយជោគជ័យ នូវប្រតិបត្តិការប្រឆាំងភេរវកម្ម ដើម្បីការពារប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង។ អរគុណចំពោះជំនាញ និងភាពក្លាហានរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង យើងបានដក Abu Ibrahim al-Hashimi al-Qurayshi ដែលជាមេដឹកនាំក្រុម ISIS ចេញពីសមរភូមិ ។

លោក Biden ក៏បានកត់សម្គាល់ដែរថា ជនជាតិអាមេរិកទាំងអស់ដែលពាក់ព័ន្ធនឹង ប្រតិបត្តិការបានត្រឡប់មកវិញដោយសុវត្ថិភាព។

សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតី បានធ្វើឡើងជាច្រើនម៉ោងបន្ទាប់ពីមន្ទីរបញ្ចកោណ បានបញ្ជាក់ពីការវាយឆ្មក់ដែលបានកំណត់គោលដៅ ផ្ទះមួយនៅក្នុងភូមិ Atmeh ក្នុងខេត្ត Idlib របស់ប្រទេសស៊ីរី នៅជិតព្រំដែនជាមួយប្រទេស តួកគី។

អ្នកស្រុកបានប្រាប់ AP ថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រជាច្រើន ហើយការផ្ទុះ និងកាំភ្លើងយន្ត ត្រូវបានគេលឺសូរយ៉ាងរំពង៕

ប្រែសម្រួលៈ ណៃ តុលា

To Top