ព័ត៌មានជាតិ

ត្រឹមតែមួយខែដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ៥ម៉ឺនតោន គិតជាទឹកប្រាក់ជិត ៣៦លានដុល្លារ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ខែមករា ឆ្នាំ២០២២ កម្ពុជា សម្រេចការនាំចេញអង្ករ ចំនួន៥៣ ០៣៦តោន គិតជាទឹកប្រាក់ ចំនួន៣៥.៧២ លានដុល្លារ ទៅកាន់គោលដៅទីផ្សារ ចំនួន៣៤។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ថ្មីៗនេះ បានបញ្ជាក់ថា គោលដៅទីផ្សារ ទាំង៣៤នោះ រួមមាន ៖ ប្រទេសចិន និងតំបន់ស្វយ័តហុងកុងបានស្រូបយក ចំនួន ៥៨.៧៩% ឬ ស្មើនឹង ៣១ ១៨១ តោន, ប្រទេសចំនួន ១៦ នៅក្នុងទ្វីបអ៊ឺរ៉ុបបានចំនួន ១២ ៥៤២ តោន ឬស្មើនឹង ២៣.៥៨%, ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន ៣ ចំនួន ៦ ២៧៧ តោន ឬស្មើនឹង ១១.៨៤% និងគោលដៅផ្សេងចំនួន១៣, ប្រទេស និងតំបន់បានចំនួន ៣ ០៧២ តោន ឬស្មើនឹង ៥.៥២%។ បរិមាណអង្ករនាំចេញនេះគឺមានកំណើនចំនួន ៥៤.៧៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ដោយឡែក ក្នុងខែមករា នេះដែរ ការនាំចេញស្រូវមា នចំនួន ២៧៥ ៥១១ តោន គិតជាទឹកប្រាក់ប៉ាន់ស្មានមានប្រមាណជា ៦០.៦១ លានដុល្លារ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ កម្ពុជា បាននាំចេញអង្ករទៅកាន់ គោលដៅសរុបចំនួន ៥៦ប្រទេស និងតំបន់បានបរិមាណចំនួន ៦១៧ ០៦៩ តោន គិតជាទឹកប្រាក់ចំនួន ៤១៨ លានដុល្លារ និងបាននាំស្រូវចេញចំនួន ៣ ៥២៧ ៤១៨ តោនគិតជាទឹកប្រមាណ ៨៤៥.៩៥ លានដុល្លារ ៕

To Top