ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុម័តទាំងស្រុងទៅលើ សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”។
សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានរៀបចំឡើងដោយផ្អែកលើ គោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិ ពាក់ព័ន្ធជាធរមាននៅកម្ពុជា ព្រមទាំងកិច្ចព្រៀងនិងអនុសញ្ញាក្នុងតំបន់ និងអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹងនិន្នាការ រីកចម្រើនរបស់វិស័យកសិកម្ម ក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោក ប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ ។
គោលបំណង សេចក្តីព្រាងច្បាប់នេះ ដើម្បីកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លងនិងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀងអនាម័យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យ ភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅកម្ពុជា៕