ព័ត៌មានអន្តរជាតិ

ជប៉ុន ស្វែងរកការបញ្ជូនឧស្ម័នធម្មជាតិ ទៅកាន់អឺរ៉ុប បើរុស្ស៊ី បង្កភាពរអាក់រអួល ក្នុងការផ្គត់ផ្គង់

តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនកំពុងថ្លឹងថ្លែងជម្រើសមួយ ដើម្បីបង្វែរផ្នែកខ្លះ នៃទុនបម្រុងឧស្ម័នធម្មជាតិរបស់ខ្លួន ទៅកាន់អឺរ៉ុប ក្នុងករណីដែលរុស្ស៊ី ដាក់កម្រិតការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់តំបន់ជាការឆ្លើយតប ទៅនឹងការដាក់ទណ្ឌកម្ម ដែលបានព្យាករណ៍ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។

ប្រទេសជប៉ុនទំនង ជាស្វែងរកការសម្របសម្រួល ជាមួយប្រទេសផ្សេងទៀត ក្នុងការគាំទ្រអឺរ៉ុប ដែលពឹងផ្អែកយ៉ាងខ្លាំង លើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេង។

សហរដ្ឋអាមេរិក បានព្រមានទីក្រុងមូស្គូ ពីការដាក់ទណ្ឌកម្ម ប្រសិនបើកងកម្លាំងរុស្ស៊ីឈ្លានពាន ប្រទេសជិតខាងអ៊ុយក្រែន ខណៈដែលកងទ័ពរុស្ស៊ី រាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ នៅជិតព្រំដែនអ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក មួយចំនួនបានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បាននិយាយជាមួយមន្ត្រី នៃក្រុមហ៊ុននាំចូលឧស្ម័នធម្មជាតិធំៗ នៅអាស៊ី រួមទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូង អំពីការបង្វែរការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់អឺរ៉ុប។

លោក Koichi Hagiuda រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានប្រាប់អ្នកយកព័ត៌មានថា “យើងចង់គិតពីរបៀបដែលយើង អាចរួមចំណែកដល់សហគមន៍អន្តរជាតិ” ។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូល លោក Hirokazu Matsuno លេខាធិការខុទ្ទកាល័យ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសជប៉ុន បាននិងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ដោយបង្ហាញថាកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលនឹងដំណើរការ ទៅដោយរលូន៕ដោយ ឈូក បូរ៉ា

To Top