ប្រែសម្រួលៈ ណៃ តុលា
បរទេស៖ លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកបាននិយាយថា សហរដ្ឋអាមេរិក បានសម្លាប់មេបញ្ជាការយោធាកំពូល ដែលជាកងកម្លាំងពិសេស របស់អ៊ីរ៉ង់លោកឧត្តមសេនីយឯក Qasem Soleimani“ គឺដើម្បីបញ្ឈប់សង្គ្រាម មិនមែនចាប់ផ្តើមសង្គ្រាមមួយទៀតនោះទេ” ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ ថា « រជ្ជកាលនៃភេរវកម្មបានចប់ហើយ បន្ទាប់ពីការវាយប្រហារពីដែនអាកាស នៅព្រលានយន្តហោះ Baghdad ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រ។ ឧត្តមសេនីយ៍ Qasem Soleimani បានដឹកនាំប្រតិបត្តិការនៅមជ្ឈឹមបូព៌ារបស់អ៊ីរ៉ង់ ក្នុងនាមជាប្រមុខនៃកម្លាំង Quds។
យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានប្តេជ្ញាសងសឹកយ៉ាងខ្លាំងចំពោះ អ្នកដែលទទួលខុសត្រូវចំពោះការស្លាប់ របស់ឧត្តមសេនីយ៍ Soleimani ។ ការសម្លាប់នេះគឺជាការកើនឡើងដ៏ធំមួយ នៅក្នុងភាពតានតឹងរវាងប្រទេសទាំងពីរអ៊ីរ៉ង់ និងអាមេរិក។
ចំណែកក្រុមមន្រ្តីអាមេរិកបាននិយាយថា ទាហានចំនួន ៣.០០០ នាក់បន្ថែមទៀត នឹងត្រូវបញ្ជូនទៅកាន់មជ្ឈឹមបូព៌ាដើម្បីជាការប្រុងប្រយ័ត្ន។ ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់ បានផ្សាយថា មានការវាយប្រហារតាមអាកាសមួយទៀត នៅក្នុងប្រទេសគឺ ២៤ ម៉ោង បន្ទាប់ពីការសម្លាប់ឧត្តមសេនីយ៍ Soleimani ។ ទោះយ៉ាងណា ការវាយប្រហារបន្ទាប់នេះ នៅមិនទាន់មានការអត្ថាធិប្បាយណាមួយពីរឿងនេះពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទេ។
ប្រភពពីកងទ័ពអ៊ីរ៉ាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា មនុស្ស ៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារថ្មីនេះ ដែលបានវាយប្រហារទៅលើកងជីវពលអ៊ីរ៉ាក់ នៅព្រឹកព្រលឹមថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ៕