ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នានៅតំបន់ West Bank បណ្តាលឲ្យអ្នកតវ៉ា ប៉ាឡេស្ទីន ប្រមាណ១៥៩នាក់ រងរបួស

រ៉ាម៉ាឡា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០២២ថា យោងតាមសមាគមអឌ្ឍចន្ទក្រហម ប៉ាឡេស្ទីន ហៅកាត់ (PRCS) បានឱ្យដឹងថា ក្រុមបាតុករប៉ាឡេស្ទីន ប្រហែល១៥៩នាក់បានរងរបួសកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអ៊ែល នៅភាគខាងជើងតំបន់ West Bank ។

សមាគម PRCS បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ក្រុមគ្រូពេទ្យបានព្យាបាល ជនជាតិ ប៉ាឡេស្ទីន ចំនួន៧៩នាក់ ដែលបានរងរបួសដោយទាហាន អ៊ីស្រាអ៊ែល នៅជិតភូមិ Beita និង Beit Dajan ដែលស្ថិតនៅភាគខាងត្បូង និងខាងកើតនៃទីក្រុង Nablus ។
របាយការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោមជនប៉ាឡេស្ទីន ដែលរងរបួសចំនួន៧៩នាក់គឺជាយុវជន២នាក់ដែលត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងពិត ហើយបានបញ្ជូនតាមរថយន្តសង្គ្រោះ ទៅកាន់មន្ទីរពេទ្យធំនៅ Nablus ។

លើសពីនេះ មនុស្ស៩នាក់ផ្សេងទៀតបានរងរបួសស្រាល ដោយសារគ្រាប់កាំភ្លើងជ័រ ដែលបាញ់ដោយទាហានអ៊ីស្រាអ៊ែល រួមទាំងអ្នកកាសែតស្រីម្នាក់ ដែលត្រូវបានបាញ់ចំមុខ ខណៈដែល៦៨នាក់បានទទួលរងនូវការថប់ដង្ហើម បន្ទាប់ពីស្រូបឧស្ម័នបង្ហូរទឹកភ្នែក ដែលបាញ់ដោយក្រុមទាហាន ។

ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ នៅភូមិ Beita បានឃើញការប៉ះទង្គិចគ្នាស្ទើរ តែរាល់ថ្ងៃជាមួយទាហានអ៊ីស្រាអ៊ែល ក្នុងការតវ៉ាប្រឆាំងនឹងការបង្កើត ប៉ុស្តិ៍តាំងទីលំនៅនៅលើដី ដែលជាកម្មសិទ្ធិ របស់អ្នកស្រុកក្នុងភូមិ ។

នៅភូមិ Beit Dajan បានឃើញការតវ៉ាប្រចាំសប្តាហ៍ ដែលរៀបចំឡើងដោយសកម្មជន ប៉ាឡេស្ទីន ប្រឆាំងនឹងការរឹបអូសយកដីរបស់អ៊ីស្រាអ៊ែល និងការពង្រីកការតាំងទីលំនៅដ្ឋាននៅតំបន់ West Bank ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top