ព័ត៌មានជាតិ

ឃាត់ខ្លួនជនដៃដល់ ៦នាក់ ពាក់ព័ន្ធអំពើឃាតកម្ម សម្លាប់ក្រុមគ្រួសារជនជាតិ ភាគតិចព្នង ៥នាក់ ដោយចោទថា ចេះអាបធ្មប់នៅខេត្តមណ្ឌលគីរី

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តមណ្ឌលគិរី និង ស្ថាប័នជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២២ បានឃាត់ខ្លួន ជនដៃដល់ចំនួន ៦ នាក់ ជាប់ពាក់ព័ន្ធអំពើ ឃាតកម្មគិតជាមុន ដោយកាប់សម្លាប់ទៅលើគ្រូសារជនជាតិភាគតិច ព្នងចំនួនមួយគ្រួដារ បណ្តាលឲ្យស្លាប់ ចំនួន៥នាក់ និង របួសម្នាក់ ប្រព្រឹត្ត កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច ស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តមណ្ឌលគីរី បានអោយដឹងថា ជនសង្ស័យទាំង៦ នាក់ ដែលត្រូវបានឃាត់ខ្លួន ខាងលើមាន៖ ទី ១-ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ (មេខ្លោងដែលបញ្ជាឲ្យសម្លាប់) ។ ទី ២-ឈ្មោះ ធី ម្ពៀត ហៅ ព្សឹត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ព្នង (ជនដៃដល់)។ ទី ៣- ឈ្មោះ រឹម ធា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ (ជនដៃដល់)។ ទី ៤- ឈ្មោះ នឹម ខ្លាខឹន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ (ជនដៃដល់) ។ ទី ៥-ឈ្មោះ ធី ព្យឹត ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិ ព្នង (ជនដៃដល់) ។ និង ទី៧-ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ព្នង (អ្នកបញ្ជាឲ្យសម្លាប់) ។

ចំណែកឯជនរងគ្រោះ មានឈ្មោះ ៖ ទី១-ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិព្នង (ស្លាប់)។ ទី ២ -ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិព្នង (ស្លាប់) ។ ទី ៣ -ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ (ស្លាប់)។ ទី ៤-ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ ( រងបួស) ។ទី ៥ -ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ (ស្លាប់។ និង ទី ៦ -ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ (ស្លាប់)។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៦នាក់ ខាងលើ ត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ដើម្បី កសាងសំណុំរឿង ដើម្បីបញ្ជូន ទៅកាន់សាលាដំបូងខេត្តមណ្ឌលគីរី ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕

ដោយ លីហ្សា

To Top