ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្ដក្រើនរំលឹកពលរដ្ឋ ឲ្យរួសរាន់ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្ដក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវតែរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង និងមូលដ្ឋានសុខាភិបាល។

ក្នុងឱកាសចុះពិនិត្យមើលដំណើរការ ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣ ទីតាំងបន្ថែមទៀត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានបន្តផ្តាំផ្ញើប្រជាពលរដ្ឋចូលរួម ថែរក្សាអនាម័យឲ្យបានគ្រប់ៗគ្នា ក៏ដូចជាពាក្យស្លោក «៣កុំ ៣ការពារ» បូករួមជាមួយការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ចំនួនដូស ផងដែរ។

លោកស្រីថ្លែងថា «សូមក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ ត្រូវតែរួសរាន់ទៅទទួលយក នូវការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនិងមូលដ្ឋាន សុខាភិបាលតែម្ដង។ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ នូវជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពង់រីករាលដាល នៅបណ្តាប្រទេសនានា ក្នុងពិភពលោក ក៏ដូចនៅក្នុងប្រទេសកម្ពុជា ផងដែរ»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤,៣៦៣,៦៧៦នាក់៕

To Top