ហ្សាការតា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងដឹកជញ្ជូន បានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បានហាមប្រាមភ្ញៀវទេសចរ បរទេសចូលមកក្នុងប្រទេស ជាបណ្ដោះអាសន្នតាម រយៈអាកាសយានដ្ឋានទីក្រុងហ្សាការតា ក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយការរីករាលដាល នៃមេរោគឆ្លង ដែលវីរុសបំប្លែងខ្លួនថ្មី Omicron ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានឃើញករណីកើនឡើង ដោយមានការឆ្លងមេរោគច្រើន ជាង៣៦.០០០នាក់ ត្រូវបានកត់ត្រាត្រឹមថ្ងៃអាទិត្យ ហើយអត្រាសម្រាកនៅមន្ទីរពេទ្យ ក្នុងរដ្ឋធានីឈានដល់៦៣ភាគរយ ។
ការផ្លាស់ប្តូរ ដើម្បីរារាំងអ្នកទេសចរ ដែលហោះហើរ ទៅកាន់ទីក្រុង ហ្សាការតា កើតឡើងប៉ុន្មាន ថ្ងៃបន្ទាប់ពីកោះបាលី បានស្វាគមន៍ការហោះហើរអន្តរជាតិ លើកដំបូងក្នុងរយៈពេលជិត២ឆ្នាំ ដែលដឹកភ្ញៀវបរទេសចូល ។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបាន ចេញផ្សាយ កាលពីល្ងាចថ្ងៃអាទិត្យថា បទប្បញ្ញត្តិថ្មីអនុវត្ត ចំពោះភ្ញៀវទេសចរបរទេស និងប្រជាជនឥណ្ឌូនេស៊ី ដែលបានធ្វើដំណើរទៅក្រៅប្រទេស សម្រាប់ថ្ងៃឈប់សម្រាក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា