ព័ត៌មានជាតិ

ជម្រះបណ្តឹងឧទ្ធរណ៍ស្រ្តី២នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ធ្វើចរាចរណ៍ ប្រាក់ដុល្លារខ្មោច

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ ស្រ្តីជាប់ចោទ ចំនួន២ នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ធ្វើចរាចរណ៍ ក្រដាសប្រាក់ដុល្លាអាមេរិក ក្លែងក្លាយ ប្រព្រឹត្តនៅសង្កាត់ ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០១៨ ។

លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ស្រ្តីជាប់ចោទទាំង២នាក់មាន ឈ្មោះ ៖ ទី ១-ឈ្មោះ លី ស្រីពៅ ហៅ តី ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរ លក់ផ្លែឈើ។ ២- ឈ្មោះ ចាន់ សាវ៉េត ភេទ ស្រី អាយុ ៥៦ ឆ្នាំ មុខរបរ នៅផ្ទះមើលចៅ ។

អ្នកទាំង២នាក់ គឺ ជាសាច់ថ្លៃនឹងគ្នា។

នៅក្នុងសំណុំរឿងក្តីនេះ ស្រ្តីជាប់ចោទ ទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ ៥ ឆ្នាំ និង ពីបទ: ដាក់ឱ្យធ្វើចរាចរណ៍រូបិយវត្ថុ និង រូបិយប័ណ្ណក្លែងក្លាយ តាមបញ្ញត្តិមាត្រា ៦៤៧
នៃច្បាប់ព្រហ្មទណ្ឌ ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២៩ នៅក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល
ដកហូតបាន លុយដុល្លាខ្មោច ចំនួន ៧៤០ ដុល្លារអាមេរិក ,ម៉ូតូចំនួន ១គ្រឿង, ទូរស័ព្ទ ចំនួន២គ្រឿង ។

នាពេលសវនាការ, ជនជាប់ចោទទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រការមែន ។
ពួកគេបាន សំណូមពរ ដល់សាលាឧទ្ធរណ៍មេត្តាជួយ បន្ធូរបន្ថយទោស ១ ឆ្នាំ ឬ កាត់តម្រឹម ដើម្បីឆាប់បាន វិលត្រឡប់ជួបជុំគ្រូសារវិញ ពីព្រោះ រហូតដល់សព្វថ្ងៃនេះ ពួកគេ បានជាប់ឃុំ បាន ៤ ឆ្នាំហើយ។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២៕ ដោយ: លីហ្សា

To Top